នគរបាលស្រុកបាទី បំបែកសំបុកចោរប្លន់និងលួចម៉ូតូយ៉ាងសកម្មមួយក្រុម ចំនួន១០នាក់

0

តាកែវ៖ ក្រុមចោរប្លន់ម៉ូតូ និងក្រុមទទួលទិញផលចោរកម្ម ចំនួន ១០នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយក្រុមចោរទាំងនេះបានធ្វើសកម្មភាពលួច-ប្លន់ ម៉ូតូរបស់ជនរងគ្រោះជាច្រើនគ្រឿង ។
ជាក់ស្តែង ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងរបស់កម្មកររោងចក្រផាវវ៉ាន់ដាឡៃធីង ឯ.ក ស្ថិតក្នុងភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង ០០ នាទី បានសម្រេច នឹងធ្វើសកម្មភាពលួចនឹងប្លន់យ៉ាងសកម្មនៅក្នុងខេត្ដមួយចំនួនទៀតផងដែរ។

លោក ឆាយ កែវមន្នី អធិការនគរបាលស្រុកបាទី បានអោយដឹងថា បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះស្ដីពីចោលួចម៉ូតូចេញពីរោងចក្រ ភ្លាមនោះលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានបញ្ជាអោយកម្លាំងនគរបាលស្រុកបាទី បើកការស្រាវជ្រាវ រហូតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនបានជនសង្ស័យឈ្មោះ យួន ធារ៉ា ហៅរ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ និងបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ នូ រ៉ង ភេទប្រុស អាយុ ៣១ឆ្នាំ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ ។ ជនសង្ស័យឈ្មោះ នូ រ៉ង បានឆ្លើយសារភាពថាខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើនេះពិតប្រាកដមែនដោយបានយកម៉ូតូទៅលក់ឱ្យឈ្មោះ ស្រេង តុងអេង ហៅអេង ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(ជាមុខសញ្ញាទទួលផលចោរកម្មទិញម៉ូតូគ្មានឯកសារជាច្រើនគ្រឿង) ក្នុងតម្លៃ ៤០០ដុល្លាអាមេរិក ។

លោកអធិការបន្តរថា នៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឈានដល់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ស្រេង តុងអេង ហៅអេង ភេទប្រុស អាយុ ៣៣ឆ្នាំ ដកហូតវត្ថុតាងម៉ូតូចំនួន ០១គ្រឿងធុនហុងដាឌ្រីមស្សង់សេ១២៥ សេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១KQ-១៥២៦ បានផ្លាស់ប្តូរផ្លាកលេខទៅជា ភ្នំពេញ ១KD-៧២៧០ (ម៉ូតូជនរងគ្រោះ) រួមទាំងវត្ថុតាងរថយន្ត០១គ្រឿងម៉ាកតូយ៉ូតាកាម៉ារី ហាយប្រ៊ីត សេរីឆ្នាំ២០០៧ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២BK-៣៤៨៩(ជាមធ្យោបាយជិះយកទៅធ្វើសកម្មភាពទិញម៉ូតូ) នៅត្រង់ផ្ទះជនសង្ស័យស្ថិតភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងបន្តឈានទៅឃាត់ខ្លួនបក្ខពួកជនសង្ស័យដែលជាមុខសញ្ញាទទួលផលចោរកម្ម និងជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្មជាបន្តបន្ទាប់បានចំនួន ០៧នាក់បន្ថែមទៀតៈ ១/.ឈ្មោះ ស្រេង ពិសិដ្ឋ ហៅសិដ្ឋ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាទទួលផលចោរកម្ម) ឃាត់ខ្លួននៅបន្ទប់ជួលស្ថិតភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី២/.ឈ្មោះ ស្មាន យូ ហៅយូ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងជាមុខសញ្ញាទទួលផលចោរកម្ម) ទី៣/.ឈ្មោះ គាំ បញ្ញា ហៅញ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្ម) ទី៤/.ឈ្មោះ ផាត វាសនា ហៅរស់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃព្រាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្ម) ទី៥/. ឈ្មោះ ណាប់ សំណាង ហៅខ្លឹម ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃព្រាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្ម) ទី៦/.ឈ្មោះ ទូច ម៉ាស្សា ហៅសា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិក្រាំងដូង ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្ម) និងទី៧/.ឈ្មោះ នន់ ស្រីមាស ហៅម៉ៃ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រាយត្រក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(ជាមុខសញ្ញាលួច និងប្លន់ម៉ូតូយ៉ាងសកម្ម) និងដកហូតវត្ថុតាង នៅត្រង់ចំណុចបន្ទប់ជួលស្ថិតនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំតាមនីតិវិធី ។ ដោយមានបញ្ជាពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានប្រគល់ម៉ូតូឱ្យទៅជនរងគ្រោះឈ្មោះ វឿង ឡេង ភេទប្រុស អាយុ ២៣ឆ្នាំយកទៅប្រើប្រាស់វិញជាបណ្តោះអាសន្ន ៕ តាកែវ