(កំពង់ធំ)÷ លោកជំទាវ យស ថានារី សមាជិករដ្ឋសភាមណ្ឌលកំពង់ធំ និងក្រុមហាត់ប្រាណមិត្តភាពខេត្ត បានចុះសួរសុខទុក្ខ នាំយកម្ហូបអាហារ និងថវិកាមួយចំនួនផ្ដល់ជូនដល់កុមារកំព្រាចំនួន៤៨នាក់ នៅបុរីកុមារខេត្តកំពង់ធំ ក្នុងឱកាសបុណ្យនៃសេចក្តីស្រឡាញ់១៤កុម្ភៈ ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ជាមួយគ្នានេះផងដែរលោកជំទាវ យស ថានារី មានប្រសាសន៍ថា ដោយមានការលើកទឹកចិត្ត ដល់បុរីកុមារកំព្រាខេត្តកំពង់ធំ សូមអំពាវនាវពីសប្បុរសជនក្នុង និងក្រៅប្រទេស ដើម្បីឧបត្ថម្ភជាសម្ភារៈ និងថវិកា ដើម្បីគាំទ្រដល់កុមារកំព្រា ក្នុងការសិក្សារៀនសូត្រដែលជាតម្រូវការចាំបាច់បំផុត បានចូលរៀនដូចកុមារដទៃទៀតដែរ ពិសេសសូមផ្ដល់គ្រឿងឧបភោគបរិភោគដល់កុមារកំព្រាសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
ថ្លែងនៅក្នងកម្មវិធីនេះលោកជំទាវ យស ថានារី សមាជិករដ្ឋសភាមណ្ឌលកំពង់ធំ បានលើកឡើងថា ដោយសង្កេតឃើញពីការរស់នៅរបស់កុមារកំព្រា មានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តកំពង់ធំ បានផ្តល់អាហារហូបចុក និងថវិកាបន្តិចបន្តួចសម្រាប់តម្រូវការក្នុងការសិក្សារៀនសូត្រ។ ស្របពេលជាមួយគ្នានេះដែរលោកជំទាវក្រុមហាត់ប្រាណមិត្តភាពខេត្តកំពង់ធំ បានរៀបចំនូវម្ហូបអាហារ និងថវិកាមួយចំនួនផ្ដល់ជូនដល់កុមារកំព្រា ដើម្បីឱ្យពួកគាត់ទទួលទានអាហារបានគ្រប់គ្រាន់មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងការសិក្សាទទួលបានជោគជ័យ។ សូមក្មួយៗទាំងអស់ត្រូវតែខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ពិសេសគឺចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
លោក ភិន រ៉ាមីន ប្រធានបុរីកុមារខេត្តកំពង់ធំ និងកុមារកំព្រាទាំង៤៨នាក់ បុគ្គលិកមេដោះ មានសេចក្តីសោមនស្សរីករាយដែលលោកជំទាវ និងក្រុមហាត់ប្រាណមិត្តភាពខេត្តកំពង់ធំ ទាំងអស់បានរៀបចំ ឱ្យកុមារទទួលបាននូវអាហារសាមគ្គី ដ៏ឆ្ងាញ់ពិសា និងថវិកាមួយចំនួនដល់កុមារកំព្រាយើងខ្ញុំនាឱកាសបុណ្យនៃសេចក្តីស្រឡាញ់នេះ១៤កុម្ភៈ។ កម្មវិធីសប្បុរសធម៌នេះពិតជាបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងផ្តលភាពកក់ក្តៅ ព្រមទាំងបានចូលរួមលើកកម្ពស់ នៃសិទ្ធក្នុងការអភិវឌ្ឍ ផ្តល់នូវសេចក្តីស្រឡាញ់ និងស្នាមញញឹមដល់កុមារ សិទ្ធរស់រានមានជីវិតរបស់កុមារ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ លើវិស័យកុមារជាពិសេសដល់កុមារកំព្រាថ្ងៃនេះ សកម្មភាពមនុស្សធម៌នេះបានស្តែងឱ្យឃើញនូវអំពើល្អ ដែលកើតចេញពីឆន្ទៈយ៉ាងពិតប្រាកដ។
គួរបញ្ជាក់ផងដែរថា នៅបុរីកុមារខេត្តមានកុមារកំព្រាសរុបចំនួន ៤៨នាក់នាក់ ស្រី២៣នាក់ និងបុគ្គលិកចំនួន០៦នាក់ ស្រី០៤នាក់ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី