ខេត្តសៀមរាប: នៅវេលាម៉ោង ០២ និង ៤០ នាទី រំលងអាធ្រាត ឈានចូល ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គីភ័យ មួយកើតឡើង នៅក្នុងផ្សារ ស្រុកក្រឡាញ់ ស្ថិតនៅចំណុច ភូមិ
កំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយម្ចាស់តូបលក់ស្បែកជើង បានរៀបចំតុបតែងលម្អ ព្រះភូមិ តខុសបច្ចេកទេស ត្រូវបានឆ្លងចរន្តឆេះតូបអស់ចំនួន២តូប បង្កការភ្ញាក់ផ្អើល ទាំងយប់រហូតដល់សមត្ថកិច្ច តែសំណាងល្អ មិនរាលដាលដល់តូបអ្នកដទៃ ឬ មិនមានមនុស្សរងរបួសឡើយ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលការិយាល័យជំនាញ បានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះតូបលក់ស្បែកជើង របស់អាជីវករ នៅផ្សារស្រុក ក្រឡាញ់ នោះបានបណ្តាលឲ្យរងការខូចខាតតូបចំនួន០២ តូប និង សម្ភារៈ
លក់ដូរក្នុង (តូបលក់ស្បែកជើង និង លក់ឪឡឹក) ឆេះអស់ទាំងស្រុង មានតម្លៃទឹកប្រាក់ប្រហែល ៥៥លានរៀល ។
សមត្ថកិច្ចជំនាញបានបន្តទៀតថា ករណីឆាបឆេះតូបលក់ដូរ របស់អាជីវករ នៅក្នុងស្រុកក្រឡាញ់នេះ ត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចេញជួយអន្តរាគមន៍ មានចំនួន៤គ្រឿង ដោយកិច្ចសហការជាមួយរថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ,អធិការដ្ឋាននគរបាលស្រុកស្រីស្នំ ,អធិការដ្ឋាននគរបាលស្រុក ពួក និង អធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយប្រេីប្រាស់ទឹកពន្លត់អស់ចំនួន ០៥ រថយន្ត បានរលត់ទៅ វិញនៅវេលាម៉ោង០៤និង៥០នាទី ។ ក្រុមសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ករណីអគ្គីភ័យនេះ បណ្តាលមកពីឆ្លងប្រព័ន្ធភ្លើងដែលតុបតែងលម្អព្រះភូមិ ។
នៅក្នុងហេតុការណ៍អគ្គីភ័យនេះដែរ ក៏មានវត្តមានរបស់លោក សុខ ណារ៉េត ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកក្រឡាញ់ រួមលោកអធិការនគរបាលស្រុក ចុះជួយធ្វើការអន្តរគមន៍ក្នុងការពន្លត់អគ្គីភ័យនេះផងដែរ ៕





































