មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អំពាវនាវឱ្យប្រជាលរដ្ឋចូលរួមថែរក្សាសមិទ្ធផលនានា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង !

0

ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង លោក ផៃ ប៊ុនឈឿន មានប្រសាសន៍បែបនេះ ខណៈដែលលោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រាស់សមិទ្ធិផលនានា ដែលបានសាងសង់ឡើងក្នុងតម្លៃទឹកប្រាក់ច្រើនម៉ឺនដុល្លារ ក្នុងឆ្នាំ២០២៤ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ ។
ពិធីសម្ភោធសមិទ្ធផលនានារបស់រដ្ឋបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាពេលនោះ ក៏មានការអញ្ជើញជាអធិបតីពី លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពី អភិបាលស្រុកសៀមប៉ាង លោក ផាន់ យុត មន្ត្រីរាជការ កងកម្លាំងទាំង៣ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដ៏ច្រើនកុះករ ផងដែរ។
អភិបាលស្រុកសៀមប៉ាង លោក ផាន់ យុត បានឱ្យដឹងថា សមិទ្ធផលនានាដែលរដ្ឋបាលស្រុកសម្រេចបានក្នុងឆ្នាំ២០២៤ កន្លងទៅ និងត្រូវសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមាន៖ ផ្លូវបេតុង ២ខ្សែ ប្រវែង ៨០០ម៉ែត្រ, ផ្លូវដី ៤ខ្សែ ប្រវែង ១ម៉ឺប ១ពាន់ ៩០០ម៉ែត្រ, លូបង្ហូរទឹកកខ្វក់ ប្រវែង ៤០០ម៉ែត្រ, លូកាត់ទទឹងថ្នល់ ៨កន្លែង, រ៉េហ្គា ២០កន្លែង, រង្វង់មូលស្រុក ១កន្លែង, ចាក់ដីរៀបចំច្រាំងទន្លេ ប្រវែង ៣៣០ម៉ែត្រ និងដាក់ភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈ ៧៣បង្គោល។
លោក ផាន់ យុត បន្តថា សមិទ្ធផលនៅក្នុងឃុំសេកុង រួមមាន៖ ផ្លូវបេតុង ៥ខ្សែ ប្រវែង ៦៣៤ម៉ែត្រ, ផ្លូវដី ២០ខ្សែ ប្រវែង ២ម៉ឺន ១ពាន់ម៉ែត្រ ,សមិទ្ធផលឃុំថ្មកែវ រួមមាន៖ ផ្លូវបេតុង ១ខ្សែ ប្រវែង ៨១៤ម៉ែត្រ, កំពង់ចម្លង ១កន្លែង និងលូកាត់ទទឹងផ្លូវ ១កន្លែង ទៀតផងដែរ។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែងថា សមិទ្ធផលសំខាន់ៗដែលសម្រេចបាននាពេលនេះ បានកើតចេញពីការខិតខំរួមគ្នា ដែលតម្រូវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សា ព្រោះមួយចំណែកនៃការស្ថាបនាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺមានការចូលរួមបដិភាពជាថវិកា របស់បងប្អូននៅក្នុងមូលដ្ឋានយើងនេះ។
លោកអភិបាលខេត្ត បានអំពាវនាវប្រជាពលរដ្ឋឱ្យរួមគ្នាការពារបរិស្ថាន ត្រូវរស់នៅស្អាត ហូបស្អាត ត្រូវរួមគ្នារៀបចំអនាម័យភូមិឋាន ត្រូវទប់ស្កាត់ការចូលលុកលុយ រុករាន ទន្ទ្រានកាប់បំផ្លាញព្រៃឈើ ក្នុងមហិច្ឆតាកាន់កាប់ដីព្រៃរបស់រដ្ឋ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការបរបាញ់សត្វព្រៃកម្រ ដែលជាទង្វើល្មើសនឹងច្បាប់រដ្ឋ ។
ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង លោក ផៃ ប៊ុនឈឿន បានថ្លែង ក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមថែរក្សានូវសមិទ្ធផលនានា គឺជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក អាជ្ញារធរខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។
លោក ផៃ ប៊ុនឈឿន បានបន្តថា ដោយសង្កេតឃើញមានអភិវឌ្ឍន៍ជាបន្តបន្ទាប់ តាមគម្រោងផែនការរបស់ឃុំ-សង្កាត់ តាមថវិកាស្រុក និងថវិកាខេត្ត និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ ជាមួយនឹងការរក្សាបាននូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ទទួលបាននូវជោគជ័យជាច្រើន ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ៕