អភិបាលខេត្តឧត្តរមានជ័យ កោតសរសើរកងទ័ពដែលបានលះបង់កម្លាំងកាយ ចិត្ត និងហ៊ានពលីអាយុជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ !

0

ដោយ៖ឡុង សំបូរ
ខេត្តឧត្តរមានជ័យ៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានកោតសរសើរ និងដឹងគុណកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងហ៊ានពលីអាយុជីវិត ក្នុងការចូលរួមការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
ការថ្លែង កើតសរសើររបស់ លោកអភិបាលខេត្តឧត្តរមានជ័យ បានធ្វើឡើងក្នុងដំណើរចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅទិសជួរមុខ និងត្រួតពិនិត្យសមិទ្ធផលនានា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅចំណុចប្រាសាទតាមាន់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា មានប្រសាសន៍ ផ្តាំផ្ញើសុខទុក្ខដោយក្តីនឹករលឹកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល សម្ដេចតែងតែគិតគូយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោក មាន ចាន់យ៉ាដា បានថ្លែង កោតសរសើរ និងដឹងគុណបងប្អូនកងទ័ព នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដោយហ៊ានពលីជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលជាការចាំបាច់ដល់ការសម្រេចបាន នូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។
លោក មាន ចាន់យ៉ាដា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងព្រំដែន និងបានយកចិត្តទុកដាក់ ចំពោះកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធានាដល់ការទទួលខុសត្រូវលើការងារទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាព។
បន្ទាប់មក លោក មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ បានបន្តចុះត្រួតពិនិត្យសមិទ្ធផលនានា ជាពិសេសអាងស្តុបទឹកមួយកន្លែង ដែលបានសាងសង់រួចរាល់ សម្រាប់ឱ្យកងកម្លាំង និងប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់។
ស្របពេលជាមួយគ្នានោះ លោកអភិបាលខេត្ត បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជាគ្រឿងឧបភោគ បរិភោគដល់កងកម្លាំងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយកងពលតូចលេខ៤២ ទទួលបានទឹកសុទ្ធ៧៥កេស ត្រីខ៣០កេស មី៣០កេស ទឹកត្រី២០កេស ទឹកស៊ីអ៊ីវ២០កេស និងកងកម្លាំងនគរបាលវរការពារព្រំដែនគោគលេខ៧០២ ទទួលបានទឹកសុទ្ធ៥៥កេស ត្រីខ២០កេស មី៤៥កេស ទឹកត្រី២០កេស និងទឹកស៊ីអ៊ីវ២០កេស ថែមទៀតផង៕