អគ្គីភ័យឆាបឆេះក្លឹបមួយកន្លែងនៅក្រុងប៉ោយប៉ែត តែមិនបានបណ្តាលឲ្យជនណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតឡើយ

0

ខេត្តបន្ទាយមានជ័យ៖ករណីអគ្គីភ័យមួយយ៉ាងសន្ធោសន្ធៅ បានឆាបឆេះ ក្លឹប ស៊ីន ជានហ៊ួយ ខេធីវី (នៅEDM ចាស់) នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ កាលពីវេលាម៉ោង៦ និង៤៥ នាទី មិនបានបណ្តាលឲ្យជនណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតឡើយ។នេះបើតាមការអោយដឹងពីមន្ត្រីនគរបាលនៃអធិការក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលប្រាប់អោយដឹងទៀតថា៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនកម្លាំងនគរបាលក្រោមឱវាទជាច្រើននាក់ រួមមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ៨៩១,៩១១ នាំយករថយន្តទឹក សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងយោធាសឹករងក្រុង ប្រជាការពារ អាជ្ញាធរមូលដ្ឋាន ក្រុមពន្លត់អគ្គភ័យក្រុមហ៊ុនកាស៊ីណូ ជួយអន្តរាគមន៍ពន្លត់ទីតាំងកើតហេតុ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ករណីអគ្គីភ័យនេះបង្កឡើងដោយសារទុស្សេចរន្តអគ្គីសនី ម៉ាស៊ីនត្រជាក់ ទើបបណ្តាលឲ្យឆាបឆេះក្លឹបអស់មួយភាគធំ តែមិនបានបណ្តាលឲ្យជនណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតឡើយ។ ប្រតិបត្តិការនេះ ប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្ត ត្រូវបានសមត្ថកិច្ចយើងពន្លត់ទាន់ពេលរហូតដល់ម៉ោង៧:៣០នាទី ទើបរលត់ទាំងស្រុង៕ដោយ៖ឃិន គន្ធា