សៀមរាប: កុំព្យូទ័រ ចំនួន១៥គ្រឿង កង់ចំនួន២៥គ្រឿង និង សម្ភារសិក្សា តុ កៅអី ព្រមទាំងសម្លៀកបំពាក់ និង ដើមឈើហូបផ្លែ ដែលជាអំណោយរបស់អង្គការឡូតារីក្លឹបសិនតូសាសាំងហ្គាពូរ និង អង្គការសុបិន្តសហគមន៍កម្ពុជា ជូនដល់សិស្ស ដែលមានជីវភាពខ្វះខាត នៅអនុវិទ្យាល័យ ពពេល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅរសៀលថ្ងៃទី២០ ខែ កុម្ភះ ឆ្នាំ២០២៤ ក្រោមវត្តមានលោក ជុំ ចាន់ថេង អភិបាលរងស្រុកសូទ្រនិគម និង លោកស្រី ជេនណី លីប៉ា ប្រធានអង្គការ សុបិន្តសហគមន៍កម្ពុជា និងលោក Abe Jaccob ប្រធានឡូតារីក្លឹបសិនតូសា សាំងហ្គាពូរ រួមទាំងសហការីនិងអាជ្ញាធរ មូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សចូលរួមផងដែរ ។
លោក ជា ប៉ុន នាយករអនុវិទ្យាល័យពពេល បានឲ្យដឹងថា នេះលើកទី២ហើយ ដែលអង្គការឡូតារីក្លឹបសិនតូសាសាំងហ្គាពូរ ផ្តល់ជូនដល់អនុវិទ្យាល័យពពេល ហើយក៏បានសាងសង់ នូវបង្គន់អនាម័យចំនួន០៤បន្ទប់ជូនដល់សាលា ព្រមទាំងផ្តល់នូវសម្ភារៈសិក្សាទៀតផងដែរ ។ លោកនាយក បានសំណូមពរដល់អង្គការឡូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍កម្ពុជា ជួយបំពេញតម្រូវការសិស្សសិក្សានៅឆ្នាំខាងមុខផងដែរ ។
លោក Abe Jaccob ប្រធានឡូតារីក្លឹបសិនតូសា សាំងហ្គាពូរ និង លោកស្រី ជេនណី លីប៉ា ប្រធានអង្គការ សុបិន្តសហគមន៍កម្ពុជា សម្តែងនូវភាពត្រេកអរបានជួបជាមួយសិស្សានុសិស្ស ក្នុងការទទួលស្វាគមន៍ប្រកបដោយភាពរាក់ទាក់សុភាពរាបសា ធ្វើឲ្យប្រតិភូមិនបំភ្លេចបាននូវអនុស្សាវរីយ៍របស់សិស្សអនុវិទ្យាល័យពពេល ក្រោមដំបូលសុខសន្តិភាព។
លោកក៏បានផ្តល់ដំបូន្មានល្អៗមួយចំនួនដល់សិស្សានុសិស្ស ត្រូវប្រកាន់ភ្ជាប់នូវចរិកសីលធម៌ ត្រូវគោរពស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ព្រមទាំងរៀមច្បង ដើមី្បឲ្យយើងក្លាយទៅជាធនធាន ដ៏សំខាន់របស់ប្រទេសជាតិ ជាពិសេសចូលគ្រប់គ្នាត្រូវខិតខំសិក្សារៀនសូត្រ ដែលជាទ្រព្យសម្បត្តិជាប់ខ្លួនមិនបាត់ទៅណាឡើយ ។ លោកបញ្ជាក់ថា ដើមី្បឲ្យក្លាយជាសិស្សពូកែ ចូលសិស្សានុសិស្សទាំងអស់ ត្រូវមានការអំណត់អត់ធន ឧស្សាហ៍ព្យាយាមសិក្សាស្វែងយល់រាល់កិច្ចការទៅតាមកម្មវិធីសិក្សា និងស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូ និងមានភាពក្លាហានក្នុងការសិក្សាផងដែរ។
លោក ជុំ ចាន់ថេង បានធ្វើការថ្លែងអំណរគុណ ដល់អង្គការឡូតារីក្លឹបសិនតូសាសាំងហ្គាពូរ និង អង្គការសុបិន្តសហគមន៍ប្រចាំនៅកម្ពុជា ដែលតែងបានជួយដល់សិស្សានុសិស្សនៅតាមតំបន់ជនបទ សំខាន់ក្នុងស្រុកសូទ្រនិគម ។ លោកបន្តថា អំណោយកង់ទាំងនេះ ក៏ជាយានជំនិះរបស់ក្មួយៗ សម្រាប់ធ្វើដំណើរមកសិក្សា និង បានផ្តល់នូវផលប្រយោជន៍ដល់ក្មួយៗ ក្នុងការកសាងអនាគតខ្លួនដល់ត្រើយសុភមង្គម នៃក្រុមគ្រួសារ ហើយក្មួយៗនឹងក្លាយជាសសរស្តម្ភដ៏រឹងមាំនៃធនធានមនុស្ស ក្នុងការអភិវឌ្ឍសង្គមជាតិទៅអនាគត ។ លោក ជុំ ចាន់ថេង ក៏បានសម្តែង ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អង្គការ ដែលតែងយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្ស នៅថ្នាក់មូលដ្ឋាន ដោយមានការផ្គត់ផ្គង់ជាមធ្យោបាយធ្វើដំណើរ និងសម្ភារៈសិក្សា សម្លៀកបំពាក់ជូនដល់សិស្សក្រីក្រ ដែលខ្វះមធ្យោបាយធ្វើដំណើរមកសាលារៀន សំខាន់ការផ្តល់កុំព្យូទ័រដល់សាលា ដើមី្បបណ្តុះបណ្តាលសិស្សទៀតផង។ លោកបានសំណូមពរដល់អង្គការ សូមឲ្យបន្តនូវប្រពៃណី នៃការគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ក៏ដូចនៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប ដែលមានសាលាជួបនូវការខ្វះខាតទៀតផង ។ លោកក៏បានផ្តាំផ្ញើ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល និង គណៈកម្មការគ្រប់គ្រងសាលា ចូលរួមថែរក្សានូវទ្រព្យសម្បត្តិក្នុងសាលា ដែលបានការបំពាក់ដោយអង្គការ ដើមី្បប្រើប្រាស់បាយយូរអង្វែង ៕