(កំពង់ធំ )៖ លោកស្រី សុទ្ធ សុនីន អនុប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា(ហៅកាត់ ស ស យ ក) តំណាងឯកឧត្តម ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និងសហការីបានអញ្ជើញចុះសួរសុខទុក្ខលោកស្រី ស៊ុំ នឿន អាយុ ៨៤ឆ្នាំ ដែលត្រូវជាម្ដាយបង្កើតលោក គឹម យ៉ុន ប្រធានគណៈកម្មាធិការ ស ស យ ក ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូង និងប្រព័ន្ធរំលាយអាហារធ្ងន់ធ្ងរ នៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ធំ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកស្រីបានផ្ដល់កម្លាំងចិត្តនិងជូនពរដល់លោកស្រីឲ្យបានឆាប់ជាសះស្បើយពីជំងឺដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅគ្រប់ៗគ្នា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោងដែលបានលះបង់នូវពេលវេលាថវិកាក្នុងការចូលរួមសួរទុក្ខនិងជូនពរអ៊ុំស្រីនៅក្នុងឱកាសនេះ។
ជាមួយគ្នាដែរសមាជិកសមាជិកា ស ស យ ក ស្រុកស្ទោង៣រូបគឺលោក សួគ៌ ប៊ុនធង លោក ញឹប សារុន និងលោក សួង សោភ័ណ បានបរិច្ចាកឈាម ម្នាក់១ប្លោកសម្រាប់ជួយសង្គ្រោះលោកស្រី ដែលកំពុងត្រូវការឈាមជួយសង្គ្រោះជាចាំបាច់។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរក្រុមការងារបានឧបត្ថម្ភនូវទឹកប្រាក់ចំនួន១លាន៦៣ម៉ឺនរៀល ព្រមទាំងភេសជ្ជៈមួយចំនួន ដើម្បីសម្រាលទុក្ខលោកស្រី និងក្រុមគ្រួសារផងដែរ៕