ខេត្តឧត្តរមានជ័យ៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ឯកឧត្តម មាន ចាន់យ៉ាដា បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនកម្លាំងកងទ័ព និងកងនគរបាលការពារព្រំដែនគោកលេខ៩០៥ ត្រង់ចំណុចបង្គោលសីមាលេខ២ និងលេខ៣ នៃសមរភូមិទិសទី២ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ឯកឧត្តម មាន ចាន់យ៉ាដា បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាល តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន បានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី លះបង់សាច់ស្រស់ ឈាមស្រស់ ពុះពារគ្រប់ឧបសគ្គ ដើម្បីការពានូវបូរណភាពទឹកដីឱ្យបានគង់វង្ស។
ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ អធិបតេយ្យ បូរណភាពទឹកដី នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន និងបានប្រែក្លាយខ្សែបន្ទាត់ព្រំដែន ទៅជាព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន។
ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងទៀតថា កត្តាដែលព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ គឺយើងមិនភ្លេចបានពីគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ ដែលតែងបានបូជាសាច់ស្រស់ឈាមស្រស់ ហ៊ានធ្វើពលីកម្មដល់ជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ដំណាក់កាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយនៅគ្រប់កាលៈទេសៈ តែងទ្រទ្រង់ថែរក្សាការពារដល់សុខសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គមជាតិ។
ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធ ពិសេសកងកម្លាំងការពារនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវច្បាប់ បទប្បញ្ញត្តិ សេចក្ដីណែនាំរបស់ថ្នាក់ជាតិ ជាពិសេស គឺបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការមួយចំនួនរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចែកជូនដល់កងកម្លាំងទាំងពីរ គឺ នាយ និងពលទាហាន នៃកងអនុសេនាធំលេខ២ និងកងអនុសេតូចលេខ១ ចំណុះកម្លាំងផ្នែកសឹករងអន្លង់វែង និងជូនដល់កងនគរបាលវរៈការពារព្រំដែនលេខ ៩០៥ ផងដែរ៕ ដោយ៖ឡុង សំបូរ