ខេត្តឧត្តរមានជ័យ៖ អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជសម្តេចតេជោ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញចុះដោយផ្ទាល់ ដើម្បីដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ចុះពិនិត្យនិងព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋជាង ៤០០០គ្រួសារដោយឥតគិតថ្លៃ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ស្ថិតក្នុង ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានពាំនាំមានប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន និង សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃនាពេលនេះ។
លោកជំទាវបណ្ឌិត មានប្រសាសន៍ថា នេះជាលើក១ហើយ សម្រាប់ការដឹកនាំក្រុមគ្រូពេទ្យចុះមកព្យាបាល ជូនប្រជាលពលរដ្ឋនៅខេត្តឧត្តរមានជ័យ នៅក្នុងអាណ្ណត្តិថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ និងជំរុញវិស័យសុខាភិបាល ផ្នែក ICU ក្នុងការព្យាលជំងឺជូនប្រជាពលរដ្ឋ ទៅដល់ភូមិ ឃុំ របស់ពួកគាត់។ លោកជំទាវបន្តថា ជាក់ស្តែង ដូចក្នុងឱកាសនេះ លោកជំទាវបានដឹកនាំក្រុមគ្រូពេទ្យជំនាញជាង ៤០០នាក់ ចុះមកព្យាបាលជូន លោកយាយ លោកតា អ៊ុំ ពូ មីង ប្រកបដោយស្នាមញញឹម។
លោកជំទាវបណ្ឌិត មានប្រសាសន៍ទៀតថា តំបន់នេះធ្លាប់តែជាកន្លែងសមរភូមិដ៏ក្តៅគកុក សំបូរទៅដោយអតីតយុជន ដែលរាជរដ្ឋភិបាល តែងតែយកចិត្តទុកដាក់ ចំពោះពួកគាត់ អ្វីដែលរឹតតែពិសេសនោះ គឺបានចូលរួមកាត់ការចំណាយរបស់បងប្អូនមួយចំណែកទៀតផង។ រីឯការចុះមកព្យាបាលនាថ្ងៃនេះ រួមមាន៖ ជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូ និងរោគស្រ្តី ជំងឺបេះដូង ជំងឺភ្នែក វះកាត់តូច ជំងឺឫសដូងបាត ជំងឺសន្លាក់ ជំងឺសើស្បែក ជំងឺត្រចៀក ច្រមុះ បំពង់ក ថតកាំរស្មី ពិនិត្យឈាម ហើយបើមានអ្នកជំងឺណាមានអាការៈធ្ងន់ធ្ងរ នឹងបញ្ជូនទៅព្យាបាលបន្តនៅភ្នំពេញ ក្រោមការឧបត្ថម្ភទាំងស្រុងពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។
អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម មាន ចាន់យ៉ាដា តំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកជំទាវបណ្ឌិត និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានជួយព្យាបាលជំងឺដោយមិនគិតថ្លៃនាពេលនេះ ដែលនេះ ពិតជាបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ បានមួយចំណែកទៀតផងដែរ។
ស្របពេលជាមួយគ្នានោះ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺទូទៅ លោកជំទាវបណ្ឌិត បានអញ្ជើញចែកកាបូបស្ពាយដល់សិស្សានុសិស្សប្រមាណ ២០០នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ផងដែរ៕ដោយ៖ឡុង សំបូរ