កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា កត្តាដែល នាំ ឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៅបាន គឺអាស្រ័យទៅលើ កត្តាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ។ ការថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិ ផលនានាក្នុងវត្តទួលអណ្តែត ស្ថិតក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី២២ កុម្ភៈ ២០២៥ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កត្តាដែលនាំ ឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៅបាន គឺអាស្រ័យទៅលើ កត្តាអភិវឌ្ឍ មានហេដ្ឋា រចនាសម្ពន្ធ័ មានផ្លូវស្រួលសម្រាប់ធ្វើដំណើរ ។ កត្តាជីវភាពរីកចម្រើនរបស់ប្រជាពលរដ្ឋ ។ និងកត្តា ចូលរួម តាមរយៈការជឿជាក់លើការដឹកនាំរបស់គណៈកម្មការអាចារ្យវត្ត និងគណៈសង្ឃ ជាពិសេសគឺជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលយើងផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមជាមួយ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់រាល់ បទល្មើសនានាក្នុងមូលដ្ឋាន ជាពិសេស គឺរួមគ្នាអនុវត្ត នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពោលគឺការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាក្មេងទំនើង ប្រយោជន៍ដើម្បីរក្សាឱ្យ បាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
បើតាមលោក អូត ឈាងលី អភិបាលស្រុកបាធាយ បានឱ្យដឹងថា សមិទ្ធិផលនានាដែលត្រូវ សម្ពោធឆ្លងនាពេលនេះរួមមាន ឧបដ្ឋានសាលាបុណ្យ មានទទឹង៤០ម៉ែត្ត បណ្តោយ ៥០ម៉ែត្រ ការ កសាងខ្លោងទ្វា ជួលជុលផ្លូវក្រាលគ្រួសក្រហមប្រវែង២ ១៥០ម៉ែត្រ ចាក់សាប និងចាក់ផ្លូវបេតុង ក្នុងវត្ត សរុបអស់ថវិការ ១៥០លានរៀល និងជាង ១៣ម៉ឺនដុល្លារអាមេរិក ៕