ឯកឧត្ដម អ៊ុន ចាន់ដា នាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋ រងគ្រោះដោយអគ្គីភ័យ ១គ្រួសារ នៅស្រុកបាធាយ

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី២២ ខែកុម្ភ:ឆ្នាំ២០២៥នេះ បាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនពលរដ្ឋជាជនមានពិការភាព ១ គ្រួសារ ឈ្មោះ ហន ញ៉ិល អាយុ ៤៨ឆ្នាំ រស់នៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ ដែលរងគ្រោះ ដោយសារ អគ្គីភ័យ មូលហេតុឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យផ្ទះឈើ ប្រក់ក្បឿង ១ខ្នង ទំហំ ៦ម × ១០ម ត្រូវភ្លើងឆេទាំងស្រុង កាលពីម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមាន គ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ។ ហេតុនេះ មុននឹងចេញពីផ្ទះ ត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការ ត បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំពិនិត្យផ្លាស់ប្តូរខ្សែអគ្គិសនីចាស់ៗ ហើយភ្ជាប់ចរន្តឡើងវិញ ទៅតាមបទដ្ឋាន បច្ចេកទេស អោយបានត្រឹមត្រូវ ។
ជាមួយនោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានផ្តាំផ្ញេីដល់ពលរដ្ឋរងគ្រោះ ត្រូវពង្រឹងស្មារតីទប់អារម្មណ៍ ខិតខំប្រឹងប្រែងរកស៊ីសន្សំលុយកាក់ បង្កើនចំណូលសារជាថ្មី ដើម្បីស្តារសាងសង់លំនៅដ្ឋានឡើងវិញ ពិសេស យកចិត្តទុកដាក់ ថែទាំសុវត្ថិភាពអនាម័យអោយបានល្អ ហើយរួមគ្នាពង្រឹងសហគមន៍ អោយមានសមត្ថភាពទ្រាំទ្រ និងបន្សាំបាន ជាមួយបញ្ហាប្រឈមដែលបង្កដោយការប្រែប្រួលអាកាសធាតុផងដែរ ។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន ពលរដ្ឋរងគ្រោះ ១គ្រួសារនេះ រួមមាន ៖ អង្ករ ៥០គក្រ ទឹកត្រី ២យួរ – ទឹកស៊ីអ៊ីវ ២យួរ – មី២កេស ,តង់ធំ២ ,ឃីត ២ ( មុង ភួយ សារុង ក្រម៉ា ) អាវយឺត ៥ , សាប៊ូ ១០ ដុំ , សម្ភារៈដំណេក សម្ភារ ផ្ទះបាយ និង ថវិកាចំនួន ១លានរៀល ។
ដោយឡែកអនុសាខាស្រុក ក៏បានឧបត្ថម្ភអង្ករ ៥០ គក្រ រួមទាំងគ្រឿងឧបភោគ បរិភោគ និង ថវិកា ១០ម៉ឺនរៀល ផងដែរ ៕