ក្រុមគ្រួសារកុមាររងគ្រោះ ចំនួនពីរនាក់ស្លាប់ដោយសារផ្ទុះគ្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

0

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ុំ សំអន នាយក សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោក អៀង ពិសិដ្ឋ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហកម្ពុជា ស្រុកស្វាយលើ និងសហការី បាននាំយកគ្រឿងឧបភោគ បរិភោប ចូលរួមបុណ្យសពកុមារា កុមារី ២នាក់ រងគ្រោះដោយឧបទ្ទវហេតុផ្ទុះកង់ដង់ ឬ ក្បាលគីប ម៉ាកគ្រាប់បេ៦៣ ទំហំ៦៦ មីលីម៉ែត្រ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៥ ម៉ោង០៦និង៣០នាទី នៅចំណុចអូរត្រពាំងកូនទា ស្ថិតនៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ កុមាររងគ្រោះទាំង២មានឈ្មោះ៖
ទី១ កុមារាឈ្មោះ ធំ ប្រុសយ៉េត អាយុ២ឆ្នាំ រស់នៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។
ទី២ កុមារីឈ្មោះ ម លីសា ភេទស្រី អាយុ ២ឆ្នាំ រស់នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ពិធីបុណ្យសពនេះប្រារពនៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

ក្នុងសមានចិត្តក្ដុកក្ដួល លោក សុំ សំអន បានសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារចៅៗទាំង២។ លោកបន្តថា ពិងជាមានការសោកស្ដាយណាស់ ដែលចៅៗទាំង២ទើបតែមានអាយុ២ឆ្នាំប៉ុនណោះ បែរជាជួបឡើងអកុសលត្រូវចាកលោក ចោលឱពុកម្ដាយយ៉ាងដូច្នេះ។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នចំពោះគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ឬសំណល់សង្គ្រាមផ្សេង ប្រសិនបើបានប្រទះឃើញ សូមប្រញាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឱ្យបានលឿនបំផុង និងមិនត្រូវប៉ះពាល់ ដំ កាប់ ឬគប់ គ្រាប់ទាំងទោះឡើយ ព្រោះវាអាចផ្ទុះបណ្ដាលឱ្យគ្រោះថ្នាក់របួស ពិការ ឬបាត់បង់ជីវិតបានដោយងាយ។ ជាចុងក្រោយលោកក៏សូមបួងសួងឱ្យវិញ្ញាណក្ខន្ដចៅៗទាំង២បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គ្រឿងឧបភោគបរិភោប និងថវិកាចូលរួមបុណ្យ ក្នុងសព១មាន៖
អង្ករ៩០គីឡូក្រាម មី២កេស ត្រីខ២យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា៤សែនរៀល៕