ខេត្តសៀមរាប: ថវិកាចំនួន២៦ពាន់ដុល្លារអាមេរិក ក្នុងនោះថវិកាចំនួន២ពាន់ដុល្លារជាការបរិច្ចាគផ្ទាល់របស់លោក Yonghyun Kim តំណាងសាកលវិទ្យាល័យសុខាភិបាល SOON CHUN HYANG UNIVERSITY HOSPITAL ទីក្រុង SEUOL ព្រមទាំង សម្ភារៈសិក្សា និង គ្រឿងសម្អាតអនាម័យខ្លួនមួយចំនួនទៀត បានយកទៅប្រគល់ជូនប្រធានមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ស្ថិតក្នុងភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាបខេត្តសៀមរាប នាថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ និង លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយប្រតិភូសប្បុរសជនកូរ៉េ ជាច្រើនទៀត ។
លោកជំទាវ ជ្រឹង បុទុមរង្សី បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់គណៈគ្រប់គ្រងនិងក្មួយៗជាកុមារកំព្រាកំពុងស្នាក់អាស្រ័យនៅក្នុងមជ្ឈមណ្ឌលនេះទាំងអស់ ។ លោកជំទាវ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សប្បុរសធម៌នាពេលនេះ គឺ ជាឬសគល់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ នៃភាពមេត្តាករុណា របស់សម្តេច ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភាឆ្នាំ២០២៣ បានផ្តួចផ្តើមគំនិតកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញបុព្វហេតុសប្បុរសធម៌នេះឡើង តាមរយៈការផ្តួចផ្តើមគំនិត បំផុសនិងអំពាវនាវដ៏ល្អនិងមានសារៈសំខាន់នេះ ស្ថានទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េបានខិតខំយកចិត្តទុកដាក់ដោយសហការជាមួយសមាគមវប្បធម៌កូរ៉េ និង អ្នកពាក់ព័ន្ឋក្នុងស្រុកសំខាន់ៗ ប្រឹងប្រែងរួមគ្នា ដើម្បីការងារមនុស្សធម៌ទាំងអស់គ្នា ។ លោកជំទាវបានគូសបញ្ជាក់ថា សម្រាប់មូលនិធិសប្បុរសធម៌ជួយដល់មជ្ឈមណ្ឌលកុមារកំព្រា ខេត្តសៀមរាប នៅតែមានជាបន្តទៅទៀត ពោលគឺគ្មានកុមារណាម្នាក់ត្រូវស្រេកឃ្លាន គ្មានគ្រួសារជាប់ក្នុងភាពក្រីក្រនិងគ្មានសហគមន៍បាត់បង់បរិស្ថានល្អនោះទេ ។ លោកជំទាវ ឯកអគ្គរាជទូត បានលើកទឹកចិត្តដល់គណៈគ្រប់គ្រងមណ្ឌលបន្តថែរក្សាក្មួយៗឲ្យដូចជាកូនជាក្មួយក្នុងគ្រួសារខ្លួនឯងប្រកបដោយក្តីស្រឡាញ់ អាណិតអាសូរនិងយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ។
លោក យុន លីនណេ មានប្រសាសន៍ថ្លែងអំណរគុណដល់ប្រតិភូសប្បុរសជនជាតិនិងអន្តរជាតិ បានអញ្ជើញ មកសួរសុខទុក្ខនិងផ្តល់មូលនិធិឲ្យមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាបនាពេលនេះ គឺបង្ហាញពីការគិតគូយកចិត្តទុក ដាក់ចំពោះកុមារ ដើម្បីឲ្យការរស់នៅរបស់កូនៗ ក្មួយៗឲ្យកាន់តែមានភាពកក់ក្តៅ មានអាហារូបត្ថម្ភគ្រប់គ្រាន់ និង មាន ឱកាស ទទួលបានសិទ្ឋិកុមារដូចក្មេងដទៃទៀត ជាពិសេសជម្រុញឲ្យកុមារទាំងនេះ ក្លាយជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសង្គមជាតិ ។ លោកអភិបាលរងខេត្តបានស្នើឲ្យក្មួយៗខិតខំប្រឹងប្រែងរៀនសូត្រប្រកបដោយគន្លងធម៌ និង ត្រូវមានក្តីសង្ឃឹមនិងជឿជាក់ដោយមុតមាំដោយឈរលើភាពតស៊ូព្យាយាមជន្នះគ្រប់ការលំបាកទាំងអស់ ។
លោក ស ខេង ប្រធានមជ្ឈមណ្ឌលកុមារកំព្រាខេត្ត បានបញ្ជាក់ថា មជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាបបង្កើតឡើងនៅឆ្នាំ១៩៧៩ មានទីតាំង នៅភូមិវិហារចិនសង្កាត់ស្វាយដង្គំក្រុងសៀមរាប ហើយបច្ចុប្បន្ននេះមជ្ឈមណ្ឌល ក៏បានប្តូរទីតាំងមកនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាបនៅខែមីនាឆ្នាំ២០០៩ ។ បច្ចុប្បន្នមានកុមារ៤៥នាក់ស្រី២៤នាក់និងមានបុគ្គលិកប្រចាំការចំនួន៧នាក់ ហើយប្រភពថវិកាសម្រាប់ទ្រទ្រង់ជាប្រភពថវិការបស់រដ្ឋផ្តល់តាមរយៈរដ្ឋបាលខេត្តសៀមរាប ។ សូមបញ្ជាក់ផងដែរ ថា មជ្ឈមណ្ឌល មានកុមារកំព្រា៤៥នាក់ ស្រី២៤នាក់ ក្នុងនោះមានកុមារពិការភាពពុំអាចធ្វើចលនាដើរបាន ចំនួន ៣ នាក់ ពិការភាពពីកំណើត ក្រៅពីនោះបានកំពុងធ្វើការសិក្សានៅថ្នាក់បឋមសិក្សា ,អនុវិទ្យាល័យ វិទ្យាល័យ និង សាលា បណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ៕