ខេត្តកំពត: ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត បានលើកឡើងថា ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង ការស្រលាញ់ទឹកដី ការអភិរក្សធនធានធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ និងចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តកំពត ឱ្យបានកាន់តែទូលំទូលាយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំដំណើរទស្សនកិច្ចផ្សព្វផ្សាយគោលដៅទេសចរណ៍៥កន្លែង ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។
ឯកឧត្តម មឿង គង្គា អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត បានមានប្រសាសន៍ថា ដំណើរទស្សនៈកិច្ចរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពតនៅថ្ងៃទី២៣ ខែកុម្ភៈនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ខេត្ត ក្រោមប្រធានបទ៖ យុវជន និងទេសចរណ៍ “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់” ។ ឯកឧត្តមបញ្ជាក់ថា ដំណើទស្សនកិច្ចពេញមួយថ្ងៃនេះ បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។
សមាជិក ស.ស.យ.ក មកពីបណ្តាក្រុងស្រុក នៃខេត្តកំពត បានបង្ហាញពីចំណាប់អារម្មណ៍ និងភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការចូលរួមយុទ្ធនាការផ្សព្វផ្សាយសត្តានុពលតំបន់ទេសចរណ៍ទាំង៥កន្លែងរបស់ខេត្តកំពត ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់ និងមកទស្សនា តាមរយៈការថតរូបភាព ហើយបង្ហោះនៅលើប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗរបស់ពួកគេ។
ប្រធាន និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមក្នុងយុទ្ធនាការ «ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់» និង «ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ ដើម្បីទាំងអស់គ្នា» តាមរយៈការជួយថតបង្ហោះតំបន់សត្តានុពលលើវិស័យទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរួមគ្នាទាក់ទាញទេសចរឲ្យមកលេងខេត្តកំពតកាន់តែច្រើន៕ សេង ណារិទ្ធ