សៀមរាប: ផ្លូវជាសរសៃរឈាមសេដ្ឋកិច្ចជាតិ និង ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ២០២៥ នេះ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ
ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្រីស្នំ បានអញ្ជើញដឹកនាំក្រុមការងារចុះបើកការដ្ឋានស្ថាបនាលេីកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ ប្រវែង ២ពាន់៦០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចញ្ចេីមផ្លូវក្រាលដីល្បាយថ្មភ្នំសងខាង ម្ខាងៗ ១ម កម្រាស់ ០,២ម៉ែត្រ និង ស្ថាបនាលូប្រអប់២កន្លែង និងលូមូល ចំនួន៨ កន្លែង ស្ថិតនៅភូមិ ល្បើក ភូមិ ពង្របត់ចាត់ ឃុំ ក្លាំងហា ស្រុកស្រីស្នំ ខេត្តសៀមរាប ។ ក្នុងពិធីបេីកការដ្ឋាននេះមានការចូលរួមពីតំណាងនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ, ក្រុមការងារវិស្វកម្ម លេខ១៧៨ស្ពាន ថ្នល់ នៃក្រសួងការពារជាតិ, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវផងដែរ ។
តាមការបញ្ជាក់របស់លោកប្រធានក្រុមប្រឹក្សាឃុំ ក្លាំងហាយ បានឲ្យដឹងថា ផ្លូវ១ខ្សែ ប្រវែង ២ពាន់៦០០ម៉ែត្រ ឆ្លងកាត់ភូមិល្បើក ភូមិ ពង្របត់ចាត់ ដែលផ្តល់ផលប្រយោជន៍ដល់បងប្អូន ក្នុងការដឹកកសិផលទៅកាន់ទីផ្សារ និង សិស្សទៅសាលារៀន មន្ទីរពេទ្យ ព្រមទាំងផ្តល់នូវសុខភាព បរិស្ថានល្អបរិសុទ្ធ មិនប៉ះពាល់ដល់សុខភាពបងប្អូនដូចផ្លូវដីក្រហមនោះឡើយ នៅពេលស្ថាបនាផ្លូវក្រាលកៅស៊ូបានរួចរាល់ ។ ក្នុងនោះលោកមេឃុំ សំណូមដល់កងវិស្វកម្ម ពេលស្ថាបនាផ្លូវរួចរាល់សូមដាក់ស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវផង ។
មានប្រសាសន៍នោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុធី បានបញ្ជាក់ថា ផ្លូវមួយខ្សែដែលក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ឲ្យកងវិស្វកម្ម លេខ១៧៨ស្ពាន ថ្នល់ នៃក្រសួងការពារជាតិ ជាអ្នកស្ថាបនាសាងសង់នេះ ជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំក្លាំងហាយ ប្រើ ប្រាស់ដោយមិនបានប្រកាន់គណបក្សនយោបាយណាមួយឡើយ ។ ឯកឧត្តមបានបន្តទៀតថា ដើមី្បកិច្ចដំណើរការក្នុង ការស្ថាបនាផ្លូវ ឲ្យដំណើរការទៅ ចូលបងប្អូនដែលមានលំនៅដ្ឋានអមសង់ខាងផ្លូវ សូមចូលរួមសហការជាមួយក្រុមការងារកងវិស្វកម្ម ក្នុងការបើកផ្លូវឲ្យបានធំទូលាយ ហើយរាល់ការប៉ះពាល់សូមបងប្អូនសុំការអធ្យាស្រ័យផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជី ស៊ីថា បានសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងបានពាំនាំសារផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹកលឹក ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាមគ្គុទេសក៏ឯកនិងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះដែលសម្រេចបាននូវសុខសន្តិភាព ឯកភាពជាតិពេញលេញនិងការអភិវឌ្ឍគ្រប់វិស័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអ្នកដឹកនាំបន្តរវេន ប្រកបដោយគតិបណ្ឌិត និងថាមពល និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។ ការបើកការដ្ឋានស្ថាបនាផ្លូវជនបទនាពេលនេះ គឺជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបតាមតម្រូវការ និង សំណូមពររបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម បានបន្តទៀតថា ការស្ថាបនាផ្លូវកៅស៊ូនេះ គឺជួយកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ជួយសម្រួលដល់ការធ្វើដំណើរ និង ការដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារ បានយ៉ាងងាយស្រួលឆាប់រហ័ស និង ចំណាយពេលវេលាតិច ដែលកត្តានេះនឹងរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានផងដែរ។ឯកឧត្តមជី ស៊ីថា ក៏បានជម្រុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្របសម្រួលសហការជាមួយក្រុមការងារស្ថាបនាផ្លូវនេះ ឲ្យដំណើរប្រព្រឹត្តទៅដោយរលូន ប្រកបដោយគុណភាព ប្រសិទ្ធភាព និង ឆាប់រហ័ស ។ ឯកឧត្តមក៏បាន ធ្វើការណែនាំ និង ផ្តល់នូវបច្ចេកទេសល្អៗមួយចំនួន ដល់ក្រុមកងវិស្វកម្ម ក្នុងការស្ថាបនាផ្លូវ សំណង់សិល្បះការ្យ ដើមី្បធានានូវគុណភាព និងការប្រើប្រាស់ឲ្យបានយូរអង្វែង ។ ម៉្យាងទៀត នៅពេលធ្វើការស្ថាបនាផ្លូវបានរួចរាល់ សូមបងប្អូនចូលរួមក្នុងការថែទាំ រក្សាផ្លូវ ព្រមទាំងបរិស្ថានតាមដងផ្លូវ ដោយចូលរួមដាំដើមឈើ ដាំស្មៅ អមសងខាងផ្លូវ ក្នុងការធានាទប់កុំឲ្យដីបាក់រំលុសហូរច្រោះជើងផ្លូវ ៕





































