អភិបាលខេត្តកំពង់ចាម បានថ្លែងថា យើងត្រូវការឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាលំដាប់ ដើម្បីខ្លួនយើង និងកូនចៅយើងគ្រប់ជំនាន់ទៅមុខទៀត

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា យើងត្រូវការឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាលំដាប់ ដូច្នេះយើងត្រូវរួបរួមគ្នា ដើម្បីកសាងសង្គម ជាតិ និង កសាងនូវជីវភាព សម្រាប់ខ្លួនយើង និងកូនចៅរបស់យើងគ្រប់ជំនាន់ទៅមុខទៀត។ ថ្លែងបែបនេះ ក្នុងពិធីសម្ពោធឧបដ្ឋានសាលា ផ្លូវបេតុង និងសមិទ្ធផលនានា នៅវត្តពោធិធម្មរង្សី(វត្តទួលឡូវ) ស្ថិតក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ នាព្រឹកថ្ងៃទី២៥ កុម្ភៈ ២០២៥ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម ឧកញ៉ា លី យូគៀក ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ឧបដ្ឋានសាលា និង សមិទ្ធផលនានា ដែលអាចកសាងទៅបាននេះ គឺសបញ្ជាក់ឱ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ច ជាតិ ក៏ដូចជាបង្ហាញអំពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង ទើបមានការរួមសាមគ្គី គ្នា កសាងជាសមិទ្ធផលនេះឡើង ដើម្បីបម្រើលើវិស័យព្រះពុទ្ធសាសនា ក៏ដូចជាទីកន្លែងសម្រាប់ ពុទ្ធបរិស័ទជួបជុំ កសាង នូវបុណ្យកុសលរៀងៗខ្លួន តាមរយៈការប្រារព្ធពិធីសាសនាផ្សេងៗ ក្នុង វត្តអារាមនេះ ។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ស្របពេលវិស័យអាណាចក្រ កំពុងតែបោះជំហាន រីកចម្រើនលើកគ្រប់វិស័យ ដូច្នេះវិស័យពុទ្ធចក្រ ក៏កំពុងតែមានការរីកចម្រើនទៅមុខឥតឈប់ឈរ ផងដែរ ពីព្រោះថាបច្ចុប្បន្ននេះ ការសាងសង់ឧបដ្ឋានសាលា គឺត្រូវការប្រើប្រាស់ថវិកាជាច្រើន។ ពោលគឺវិស័យអាណាចក្រមានការរីកចម្រើន ទើបធ្វើឱ្យប្រជាពលរដ្ឋ អាចមានលទ្ធភាព មាន ធនធានក្នុងការចូលរួម ជាបច្ច័យ ដើម្បីកសាង នូវសមិទ្ធផលនានាក្នុងវត្តអារាម ជាពិសេសគឺការ កសាងឧបដ្ឋានសាលា ក្នុងវត្តនេះតែម្តង ដែលត្រូវប្រេីប្រាស់បច្ច័យអស់ជិត ៤២ម៉ឺនដុល្លារ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមជួយជំរុញកូនចៅឱ្យខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយទៅជាធនធានមនុស្ស ដែល មានសក្តានុពលសម្រាប់បន្តវេនក្នុងការកសាងជាតិឱ្យមានការរីកចម្រើនទៅថ្ងៃអនាគត ពោលគឺ ត្រូវជៀឱ្យផុតពីបញ្ហាគ្រឿងញៀន បងតូចបងធំ និងល្បែងស៊ីសងខុសច្បាប់ ហើយត្រូវគោរព ច្បាប់ចរាចរក្នុងពេលបើកបរផងដែរ ៕