ខេត្តកំពត: រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ហើយតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិកា បាននិងកំពុងគិតគូរធ្វើយ៉ាងណា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ដូចជា ការលើកកម្ពស់កម្រិតគុណភាពផ្លូវជនបទ អនាម័យ និងទឹកស្អាតជាដើមជូនពលរដ្ឋ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលដីល្បាយក្រួសចំនួន០១ខ្សែ ប្រវែង ៥ ៥០០ម៉ែត្រ ស្ថិតនៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលមាន ក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ តែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ គឺធ្វើយ៉ាងណាដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ មានផ្លូវល្អធ្វើដំណើរ មានទឹកស្អាតប្រើប្រាស់ មានអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ មានជីវភាពធូរធារ និងសុខភាពល្អរឹងមាំ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការបានស្នើដល់ បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានតាមបណ្តាយផ្លូវ សូមចូលរួមសហការជាមួយក្រុមការងារសាងសង់ផ្លូវមកពី នាយកដ្ឋានស្ថាបនា និងវិស្វកម្មរបស់ក្រសួងមហាផ្ទៃឲ្យបានល្អ និងមានការយោគយល់ខ្ពស់ ចំពោះផលប៉ះពាល់ផ្សេងៗអំឡុងពេលស្ថាបនាផ្លូវ ដើម្បីឲ្យដំណើរការសាងសង់ផ្លូវប្រព្រឹត្តិទៅរលូត និងរួចរាល់បានឆាប់រហ័សតាមការគ្រោងទុក។ ឯកឧត្តមក៏បានស្នើដល់ក្រុមវិស្វកម្មផងដែរថា ធ្វើយ៉ាងណាត្រូវពន្លឿនការសាងសង់បានរួចរាល់ មុនរដូវភ្លៀងធ្លាក់ ប៉ុន្តែត្រូវគោរពតាមបទដ្ឋានបច្ចេកទេសដែលក្រសួងបានកំណត់ជូន។
សូមបញ្ជាក់ថាការស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ ខ្សែ ប្រវែង ៥ ៥០០ម៉ែត្រ មានទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយ ០៣កន្លែង, លូមូលមុខពីរ ០១កន្លែង លូប្រអប់មុខមួយ ០១កន្លែង និងលូប្រអប់មុខពីរ ០១កន្លែង ស្ថិតនៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង, នៅភូមិព្រៃកែស ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ការសាងសង់ផ្លូវគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥៕ សេង ណារិទ្ធ