ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ បាននាំយកថវិកា ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនគ្រួសារសពសមាជិកបក្ស ដែលទទួលមរណភាព នៅឃុំដងកាំបិត ស្រុកសណ្ដាន់

0

ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅឧបត្ថម្ភជូនសមាជិកគ្រួសារបក្សចំនួន៣សព ដែលបានទទួលមរណភាពនាពេលថ្មីៗកន្លងទៅនេះ នៅភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះក្រុមគ្រួសារសព និងសមាជិកបក្សទាំងអស់ ។ ជាមួយនោះដែរឯកឧត្តម សោម ស៊ុន ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់សមាជិកគណបក្សប្រជាជនកម្ពុជា ទាំង៣រូប ដែលបានទទួលមរណភាពដោយរោគាពាធនាពេលនេះ នឹងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ហើយនៅក្នុងឱកាសនេះដែរឯកឧត្តម សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ និងថវិកាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនក្រុមគ្រួសារសពចំនួន៣សព ដោយក្នុង១គ្រួសារទទួលបាន : អង្ករចំនួន៥០ គីឡូក្រាម មីជាតិចំនួន២កេស ត្រីខកំប៉ុងចំនួន២យួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងថវិកាចំនួន២០ម៉ឺនរៀលផងដែរ ។

លោក លន់ យ៉េន ប្រធានគណបក្សឃុំ តំណាងឲ្យក្រុមគ្រួសារសពសមាជិកបក្ស បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្តាន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដងកាំបិត និងសហការី ដែលតែងតែបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ ក៏ដូចជាសពសមាជិកគណបក្ស ដែលទទួលមរណភាពនាពេលកន្លងមក និងសូមគោរពជូនពរសម្ដេច លោកជំទាវ និងឯកឧត្តម សោម ស៊ុន ព្រមទាំងសហការី សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕