សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រមុខកាកបាទក្រហមកម្ពុជា អញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះជាង ២ពាន់គ្រួសារ នៅខេត្តឧត្តរមានជ័យ

0

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ២ពាន់ ២៥០គ្រួសារ នាថ្ងៃទី៥មីនា២០២៥នេះ ទទួលបានអំណោយមនុស្សធម៌ពី ប្រមុខកាកបាទក្រហមកម្ពុជា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដើម្បីជួយសម្រាលការលំបាករបស់បងប្អូន គ្រាកំពុងជួបប្រទះនូវការលំបាក នៅក្នុងស្រុកពីរ និងក្រុមមួយ គឺស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

អំណោយមនុស្សធម៌ ដែលត្រូវចែកជូនប្រជាពលរដ្ឋងាយរងគ្រោះនៅថ្ងៃនេះ រួមមាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា១ដបចំណុះ ១.៩លីត្រ, សាប៊ូកក់សក់ ១ដបធំ, ស្ករស ១គីឡូក្រាម, ឃីត១កញ្ចប់ មាន៖ (សារុង ក្រមា មុង ភួយ), នំប័ងបាក់យ៉ុង ១ដើម, ទឹកបរិសុទ្ធ ១ដប និងថវិកា ២ម៉ឺនរៀល ផងដែរ។

នៅក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវព្រះរាជសវនីយ៍ ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកដ៏ជ្រាលជ្រៅ ចំពោះប្រជានុរាស្ត្រ ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយក្ដីអាណិតស្រលាញ់ ជាពន់ពេក។

ជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រសាសន៍ ប្រកបដោយសេចក្ដីសណ្ដោះប្រណី ពោរពេញដោយក្ដីអាណិតស្រលាញ់ និងភាពកក់ក្ដៅជាមួយប្រជាពលរដ្ឋ ប្រកបដោយអត្ថន័យ ចេញពីបេះដូងរបស់អ្នកម្ដាយមនុស្សធម៌ និងបានធ្វើឱ្យប្រជាពលរដ្ឋរំភើបយ៉ាងខ្លាំង ព្រោះតែការបង្ហាញវត្តមានរបស់មាតាមនុស្សធម៌ ជាញឹកញាប់ជាមួយប្រជាពលដែលរស់នៅតាមបន្ទាត់ព្រំដែន បានធ្វើឲ្យប្រជាពលរដ្ឋទទួលបាន នូវក្ដីអាណិត ស្រលាញ់ មេតា្ដ ករុណា ជួយយកអាសារ និងយកចិត្ដទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ជារៀងរហូតមក ពិសេសវត្ដមានរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃនេះ។

ប្រជាពលរដ្ឋដែលទទួលបានអំណោយមនុស្សធម៌មនុស្ស ពីកាកបាទក្រហមកម្ពុជា  បានលើកដៃប្រណម បួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក តាមជួយតាមថែរក្សាអ្នកម្ដាយមនុស្សធម៌ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់ និងជាអ្នកមានគុណដ៏មហាសាល សូមមានសុខភាពល្អ បរិបូរណ៌ បន្ដដឹកនាំការងារមនុស្សធម៌ ជួយសង្គ្រោះ និងសម្រាលការលំបាកដល់ប្រជាជន ដែលងាយរងគ្រោះបំផុតគ្រប់រូបភាពនៅកម្ពុជា ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និងនិន្នាការនយោបាយណាមួយឡើយ៕ដោយ៖ឡុង សំបូរ