ខេត្តស្ទឹងត្រែង៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានក្រើនរំលឹកប្រធានសាលាដំបូងថ្មី ខេត្តស្ទឹងត្រែង និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់ នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ច និងអភិក្រមទាក់ទងនឹងការកែទម្រង់ទាំង៤ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ «ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់» ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ប្រសាសន៍ក្រើនរំលឹករបស់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានធ្វើឡើងនារៀសលថ្ងៃទី៤មីនា២០២៥ ក្នុងឱកាសឯកឧត្តម អញ្ជើញប្រកាសតែងតាំង លោក អ៊ុក សុវណ្ណារិទ្ធ ជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ជំនួសលោក ឌិន ស៊ីវុទ្ធី ដែលត្រូវផ្លាស់ប្តូភារកិច្ចថ្មីទៅជា ចៅក្រមតុលាកំពូល។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែង ដោយរំពឹងទុកយ៉ាងមុតមាំថា ប្រធានសាលាដំបូងថ្មី និងអង្គភាពចំណុះ នឹងបន្តបេសកកម្មការងារដឹកនាំ ដោយយកចិត្តទុកដាក់ សមត្ថកិច្ចបំពេញមុខងារ តួនាទី ភារកិច្ច មានវិជ្ជាជីវៈ និងសីលធម៌ការងាររបស់ខ្លួន ដោយផ្អែកលើទិដ្ឋភាព ៣ជាសំខាន់ គឺ(ច្បាប់ នយោបាយ និងសង្គម)។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ បានចាត់ទុក «ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌» នៅតែជាការងារអាទិភាពមួយដ៏សំខាន់ និងត្រូវបានកំណត់ជាវិធានការគន្លឹះទី៥ ក្នុងចំណោមវិធានការគន្លឹះទាំង៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលត្រូវសម្រេចឱ្យចេញជាលទ្ធផលជាក់ស្តែងនៅក្នុងនីតិកាលទី៧នេះ។
លោក កើត រិទ្ធ បានជំរុញ ប្រធានសាលាដំបូងថ្មី និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ ឱ្យបន្តចូលរួមឱ្យបានសកម្ម និងផ្តល់កិច្ចសហការឱ្យបានពេញលេញ ប្រកបដោយឆន្ទៈមោះមុត, ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តយុទ្ធនាការទាំង២ ស្របតាមអភិក្រមដែលបានដាក់ចេញ នាពេលកន្លងមក សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេសក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដោយគោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់ នៅក្នុងវិស័យយុត្តិធម៌៕ដោយ៖ឡុង សំបូរ