បន្ទាយមានជ័យ៖ទស្សនៈ (០និង៩) កូនត្រូវដឹងថា ជោគជ័យ មិនមែនជារបស់បានមកដោយងាយនោះទេ តែវាកើតឡើងដោយញើសឈាមនៃការរៀនសូត្រ នេះជាប្រសាសន៍លើកឡើងរបស់លោក យឹម សំណាង អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅមណ្ឌលវិទ្យាល័យ សម្តេចឪ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយអញ្ជើញចូលរួមពីរលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥។
លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍លើកឡើងថា៖ ការបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅមណ្ឌលវិទ្យាល័យ សម្តេចឪនាពេលនេះគឺ ចែកចេញជា២ មានប្រឡងថ្នាក់ទី៩ និងថ្នាក់ទី១២ និងមាន៣៤បន្ទប់ បេក្ខជនចូលរួមប្រឡងសរុប ៥៦២នាក់ ស្រី២១៧នាក់ ថ្នាក់ទី៩មានចំនួន ៣២៧នាក់ ស្រី១១៧នាក់ ថ្នាក់ទី១២មានចំនួន ២៣៥នាក់ ស្រី ១០០នាក់ និងមានគណមេប្រយោគសរុប១០៥នាក់ សិស្សមកពី៩ ក្រុង ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ វិញ្ញាសារមុខវិជ្ជ ប្រឡង មាន អរសិល្ប៍.ខ្មែរ .គណិតវិទ្យា. រូបវិទ្យា ដល់ម៉ោង ៣រសៀល វប្បធម៌ទូទៅពេញ១ថ្ងៃតែម្តង។
លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍បន្តថា៖ក្នុងពិធីបើកវិញ្ញាសារនេះ បេក្ខជនប្រឡងទាំងអស់ត្រូវ គោរពតាមគោលការណ៍ប្រឡងនេះឲ្យបានល្អ ត្រូវមានវិន័យតឹងរឹង ការប្រឡងនេះ មានស្តង់ដារ គុណភាពខ្ពស់ បេក្ខជន បេក្ខនារី គោរពម៉ោង រួមទាំង វិន័យប្រឡង មិនយកសំណៅឯកសារ ចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិចចូលក្នុងថ្នាក់ប្រឡងឡើយ ពោលគឺគោរពតាមបទបញ្ជារ បទបញ្ញត្តិ ដែលក្រសួងបានដាក់ចេញ បានគ្រប់ជ្រុងជ្រោយទាំងអស់ អ្នកចេះ គឺជាប់ បេក្ខជននិងបេក្ខនារីណាផ្ទុយពីបទបញ្ញត្តិនិងកម្រិតវិន័យរបស់ក្រសួងអប់រំត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានស្នើការណែនាំដល់គណមេប្រយោគទាំង១០៥នាក់ ត្រូវធ្វើការណែដល់ ដល់បេក្ខជន បេក្ខនារីប្រឡង ត្រូវគោរពតាមម៉ោងពេល វិន័យប្រឡង ហាមយកសំណៅឯកសារចម្លើយ ក៏ដូចឧបករណ៍អេឡិចត្រូនិច ពោលគឺត្រូវគោរពបទបញ្ជារ បទបញ្ញត្តិដែលក្រសួងអប់រំបានដាក់ចេញ ត្រូវធ្វើការរឹតបន្តឹងអ្នកចេះគឺជាប់។
លោក អភិបាលរងខេត្តបានក្រានរំលឹកដល់សិស្សានុសិស្សបេក្ខជនប្រឡងទាំងអស់ដោយបញ្ជាក់ថា៖ទស្សនៈ (០និង៩) កូនត្រូវដឹងថា ជោគជ័យ មិនមែនជារបស់បានមកដោយងាយនោះទេ តែវាកើតឡើងដោយញើសឈាមនៃការរៀនសូត្រ។ហេតុនេះបើអ្នកចង់បានវា អ្នកនោះត្រូវតែឧស្សាហ៏ ព្យាយាមរៀនសូត្រស្វែងយល់ពីអ្វីផ្សេងៗ រៀនដោយមិនធុញទ្រាន់ មានស្មារតីភ្ញាក់រឭកជាប្រចាំ ដើរឆ្ពោះទៅរកគោលដៅនៅខាងមុខ។ នោះគឺជាជោគជ័យដ៏មានរសជាតិឈ្ញុយឆ្ញាញ់ និងបើអ្នកណាមិនបានស្វែងយល់រៀនសូត្រជាប្រចាំទេនោះ គេពិតជាមិនបានភ្លក់រស់ជាតិនេះពិតប្រាដកឡើយ ។
ទន្ទឹមជាមួយគ្នានោះលោក យឹម សំណាង សង្ឃឹមនិងជឿជាក់យ៉ាងមាំថា៖បេក្ខជននិងបេក្ខនារីទាំងអស់ រក្សាបាននូវលទ្ធផលដ៏ឆ្នើមនេះបន្ថែមទៀតដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យយើងបន្តទៀតផងដែរ៕ដោយ៖ឃិន គន្ធា