ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យសកម្មភាពហ្វឹកហ្វឺនបំប៉នលំហាត់របៀប រយៈពេលខ្លី និងផ្សព្វផ្សាយរំលឹកការអនុវត្តសេចក្តីណែនាំលេខ ០០៣/២០២០ របស់ក្រសួងការពារជាតិស្ដីពីវិធានការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិននៃខ.ភ.ម បទវិន័យទូទៅសម្រាប់ខ.ភ.ម និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ
ដែលពិធីនេះប្រព្រឹត្តិទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ការិយាល័យហ្វឹកហ្វឺន និងគ្រូយោធាចារ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបង្រៀន និងរៀនសូត្រ ទទួលបានលទ្ធផលល្អ ដែលក្នុងរយៈពេលដ៏ខ្លីនេះយោធិនជាសិក្ខាកាមបានអនុវត្តជាក់ស្ដែងនៅលេីទីលានហ្វឹកហាត់បានល្អតាមមេរៀនលំហាត់របៀប បាន ៩០%ហើយ នៅចំណុចសេសសល់មួយចំនួនទៀត ដែលត្រូវកែលម្អបំពេញបន្ថែម នៅមុនពេលបញ្ចប់វគ្គ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយរំលឹកឡើងវិញស្ដីពីខ្លឹមសារសេចក្តីណែនាំលេខ ០០៣/២០២០ របស់ក្រសួងការពារជាតិ ដោយបានគូសបញ្ជាក់អំពីចំណុចចាំបាច់មួយចំនួន ដែលយោធិនគ្រប់រូបត្រូវចងចាំនិងអនុវត្តឱ្យបានជាប្រចាំ ក្នុងភារកិច្ចជាយោធិនអាជីព និងបានណែនាំដាច់ខាតមិនត្រូវអនុវត្តនូវប្រការហាមឃាត់មួយចំនួន ដែលយោធិនគ្រប់រូបត្រូវជៀសវាង ដែលជាចំណុចប៉ះពាល់ដល់ច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ។
សិក្ខាកាម គ្រប់រូបនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើការប្តេជ្ញាចិត្តក្នុងការរៀនសូត្រហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី ឲ្យទទួលបានលទ្ធផលល្អ និងប្ដេជ្ញាអនុវត្តឲ្យមានប្រសិទ្ធភាព តាមសេចកីណែនាំលេខ ០០៣/២០២០ របស់ក្រសួងការពារជាតិ ដើម្បីកិត្តិយស និងសេចកីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ស្របតាមសភាពការណ៍វិវឌ្ឍន៍ថ្មី ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕