អាជ្ញាធរខេត្តកំពង់ចាម អបអរសាទរ ពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានស្នេីដល់អង្គភាពផ្តល់សេវាសាធារណៈទាំងអស់ ដែលស្ថិតនៅក្រោមឱវាទរបស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ ដោយមានអាកកប្បកិរិយាទន់ភ្លន់ សុភាពរាបសារ រួសរាយរាក់ទាក់ ជាមួយអ្នកជំងឺ ជាពិសេសត្រូវបង្កើន ការយកចិត្តទុកដាក់ចំពោះអ្នកជំងឺដែលប្រេីប្រាស់ប័ណ្ណសមធម៌ និងអ្នកជំងឺក្រីក្រ។ ការថ្លែងបែបនេះក្នុងពិធីអបអរសាទរ និងដង្ហែរពានជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៥ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡេីងថា ការពង្រឹងអភិបាលកិច្ចអង្គភាពផ្តល់សេវាសាធារណៈ និងពង្រឹងភាព ជាគំរូ នៃការផ្តល់សេវាសាធារណៈ ដោយផ្តល់អាទិភាពមុនគេដល់វិស័យសុខាភិបាល ដែលជាវិធានគន្លឹះ ក្នុងការសម្រេច យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្ដមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា លទ្ធផលដែលយើងទាំងអស់គ្នាទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលនៅពេលនេះ មិនមែនជាការចៃដន្យនោះទេ គឺត្រូវឆ្លងការវាយតម្លៃ ប្រកបដោយ សុក្រឹតភាព ចរិតភាព និងការទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ របស់គណៈកម្មការវាយតម្លៃថ្នាក់ជាតិ ជាច្រើនដំណាក់កាល ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រីសុខាភិបាលខេត្តកំពង់ចាមទាំងអស់ សូមឱ្យបន្តក្នុងការរក្សា នូវចំណុចល្អដែលយើងបានធ្វើ រហូតទទួលជ័យលាភីលេខ១ ពីការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ នេះ ពោលគឺ ត្រូវគ្រប់គ្រងខ្សែក្រវ៉ាត់នេះឱ្យបាន ដោយផ្អែកទៅលើការផ្តល់សេវា របស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតផងដែរ ៕