ខេត្តកំពត: មន្ត្រីគ្រប់គ្រងតំបន់ការពារទេសភាពអន្លង់ព្រីងបានលើកឡើងថា ឆ្នាំនេះការចុះរកចំណី និងស្នាក់នៅរបស់សត្វក្រៀលនៅបឹងអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច មានរយៈពេលយូរជាងឆ្នាំមុនៗ ហើយសត្វក្រៀល៦៩ក្បាលកំពុងបន្តស្នាក់នៅ។ ជំនាញសន្និដ្ឋានថា ការបង្កើត ” ស្រែមិត្តក្រៀល ” កត្តាអាកាសធាតុ និងការយល់ដឹងបន្ថែមរបស់ប្រជាសហគមន៍ ជាចលករធ្វើឲ្យសត្វក្រៀលពន្យាពេលចាកចេញពីបឹងអន្លង់ព្រីង។
នាយកតំបន់ការពារទេសភាពបឹងអន្លង់ព្រីង លោក ឈឹម ម៉េង បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះថា ការចុះរកចំណី និងស្នាក់នៅរបស់សត្វក្រៀល នៅបឹងអន្លង់ព្រីង ក្នុងឆ្នាំ២០២៤-២០២៥ មានរយៈពេលយូរជាងរដូវកាលមុនៗ ព្រោះឆ្នាំនេះ សត្វក្រៀលចាប់ផ្តើមចុះនៅបឹងអន្លង់ព្រីងនាដើមខែធ្នូ ឆ្នាំ២០២៤ ហើយមកដល់ចុងសប្តាហ៍ទី៤ ខែមីនា ឆ្នាំ២០២៥ សត្វក្រៀល ៦៩ក្បាល កំពុងរកចំណី និងស្នាក់នៅក្នុងបឹងធម្មជាតិអន្លង់ព្រីងនៅឡើយ ពោលគឺទើបតែមានសត្វក្រៀល៨ក្បាលប៉ុណ្ណោះបានចាកចេញ គិតមកដល់ពេលនេះ ខណៈដែលឆ្នាំមុន ត្រឹមដើមខែមីនា ពពួកសត្វក្រៀលបានចាកចេញអស់ពីបឹងអន្លង់ព្រីង ឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យ រួចបន្តទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
លោក ម៉ម រិន ប្រធានសហគមន៍ការពារតំបន់អន្លង់ព្រីងបានបញ្ជាក់ថា មានកត្តា២ដែលឆ្នាំនេះសត្វក្រៀលមកស្នាក់នៅក្នុងតំបន់បឹងអន្លង់ព្រីងមានរយៈពេលវែង។ ទី១ កត្តាធម្មជាតិ គឺចុងខែវិច្ឆិកា ឆ្នាំ២០២៤ រដូវកាលភ្លៀងធ្លាក់បានបញ្ចប់ ព្រោះកាលណារាំងភ្លៀង ហើយទឹកស្រកជិតអស់ពីផ្ទៃបឹងនោះសត្វក្រៀលនឹងចាប់ផ្តើមចុះមករកចំណី និងស្នាក់នៅតំបន់នេះហើយ។ ទី២ ការអនុវត្តកម្មវិធី ” ស្រែមិត្តក្រៀល ” គឺអង្គការដៃគូបានជួលដីនៅជុំវិញក្បែរបរិវេណបឹង ផ្តល់ជី និងពូជឲ្យកសិករធ្វើស្រូវដោយតម្រូវឲ្យទុកមួយផ្នែកក្នុងស្រែ សម្រាប់ជាចំណីសត្វក្រៀល។ លោកប្រធានសហគមន៍បានបន្តថា មកទល់ពេលនេះមានបងប្អូនប្រជាកសិករជាង២០០គ្រួសារ បានចូលរួមក្នុងកម្មវិធី ” ស្រែមិត្តក្រៀល ” ដោយការពេញចិត្ត។ បន្ថែមលើនេះ ប្រជាពលរដ្ឋសហគមន៍កាន់តែយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការអភិរក្សសត្វកម្រតាមរយៈការចុះផ្សព្វផ្សាយរបស់មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីបញ្ចៀសការចាប់ ឬសម្លាប់សត្វគ្រប់រូបភាព។ ទាំងនេះជាចលករដែលធ្វើឲ្យសត្វក្រៀល និងសត្វស្លាបដទៃទៀតអាចស្នាក់នៅតំបន់ការពារទេសភាពបឹងអន្លង់ព្រីងបានយូរ និងប្រកបដោយភាពកក់ក្តៅ៕ សេង ណារិទ្ធ