(កំពង់ធំ)÷ លោក តាន់ យុវរដ្ឋ អគ្គនាយករងជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឧកញ៉ាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ អមដំណើរដោយឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ផលិតករ សិប្បករ ពាណិជ្ជករ សហគមន៍ សមាគម ក្រុមហ៊ុន និស្សិត ប្រមាណជាង១០០នាក់ អញ្ជើញចូលរួមសិក្ខាសាលាស្តីពីការលើកកម្ពស់ផលិតផលខ្មែរ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធ។
ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធនាឱកាស នេះនឹងជួយផ្តល់ព័ត៌មានអំពីឱកាសទីផ្សារថ្មីៗចែករំលែកបទពិសោធន៍ល្អៗ និង ស្វែងរកដៃគូសហការធ្វើអាជីវកម្ម។ ជាពិសេសបានផ្តល់ជាយុទ្ធសាស្ត្រក្នុងការធ្វើអាជីវកម្មឱ្យមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា នៃការធ្វើអាជីវកម្ម តាមគន្លងប្រក្រតីភាពថ្មី នៃសម័យបច្ចេកវិទ្យា ឌីជីថល ដែលជំរុញឱ្យមានការធ្វើ ពាណិជ្ជកម្ម លើគ្រប់វិស័យរបស់រដ្ឋបាលខេត្តកំពង់ធំ ឱ្យកាន់តែមានវឌ្ឍនភាព បន្ថែមទៀត។ ផលិតផលកម្ពុជា១០មុខ ដែលកំពុងមានតម្រូវការទីផ្សារជំរុញការនាំចេញដូចជា៖ ស្រូវ អង្ករ ស្វាយចន្ទី ដំឡូង មី ចេក មៀនប៉ៃលិន ស្វាយ សាច់សត្វ ជ័រកៅស៊ូ ម្នាស់ និងម្រេច ដូច្នេះហើយដែល តម្រូវឱ្យយើងទាំងអស់គ្នាគិតគូរទៅដល់ការផលិតមួយឱ្យស្របតាមស្តង់ដា ដែលតម្រូវឱ្យយើងទាំងអស់គ្នាត្រូវគិតគូអំពី គុណភាព សុវត្ថិភាព និងតម្លៃ ការវេចខ្ចប់និង រចនាម៉ូដ សមត្ថភាពផលិត ការស្វែងរកនិងកំណត់ទីផ្សារ ការកំណត់កាលបរិច្ឆេទ សុពលភាពប្រើប្រាស់ ការដាក់លេខកូដបាលើផលិតផល និងសេវាកម្មដឹកជញ្ជូនផងដែរ។
លោក តាន់ យុវរដ្ឋ អគ្គនាយករងជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ ក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបន្តធ្វើកិច្ចសម្រួល ពាណិជ្ជកម្មជាច្រើនដើម្បីទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេសឱ្យមកវិនិយោគនៅកម្ពុជាតាមរយ÷ ១.ការកសាងលិខិតបទដ្ឋានគតិយុត្តនានាស្របតាមការវិវត្តនៃសេដ្ឋកិច្ច និងសង្គម ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់វិនិយោគិនជាតិ-អន្តរជាតិឱ្យចូលមកដាក់បណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព។ ២.ការចរចាបើកទីផ្សារ ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី តំបន់ និងពិភពលោក ជាក់ស្តែងការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ។ ៣. ការធ្វើប្រតិភូកម្មចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ C/O ទម្រង់ (D) ទៅមន្ទីរពាណិជ្ជកម្ម ជាប់ព្រំដែនសម្រាប់ទំនិញកសិកផលគឺអាចស្នើសុំត្រឹមមន្ទីរពាណិជ្ជកម្ម។ ៤.ការកែប្រែការចុះបញ្ជីក្រុមហ៊ុន ការចុះបញ្ជីម៉ាក ការស្នើសុំវិញ្ញាបនបត្រនាំចេញពីការធ្វើដោយផ្ទាល់ មកធ្វើតាមប្រព័ន្ធស្វ័យប្រវត្តកម្ម (តាមប្រព័ន្ធអនឡាញ) ដើម្បីកាត់បន្ថយបែបបទនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ដែលមិនមានចែងក្នុងច្បាប់។ ៥.ការជួយជ្រោមជ្រែង និងបង្កើតកម្មវិធីជំរុញពាណិជ្ជកម្ម តាមរយៈពិព័រណ៍ពាណិជ្ជកម្ម វេទិកា ធុរកិច្ច ជំនួបពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស។ ៦.ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារអេឡិចត្រូនិក CambodiaTrade.com កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដើម្បីផ្តល់ឱកាសជូន លោក លោកស្រី អាជីវករ ពាណិជ្ជករ ផលិតករ សិប្បករ សេវាករ សមាគម សហគមន៍ អាចដាក់លក់ ផលិតផលខ្មែរ តាមប្រព័ន្ធអនឡាញ របស់ក្រសួងពាណិជ្ជកម្ម ដោយឥតគិតថ្លៃ។ ៧.ក្រសួងពាណិជ្ជកម្មបានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ដើម្បីតាំងបង្ហាញ និងផ្សព្វផ្សាយ ផលិតផលខ្មែរជាអចិន្ត្រៃយ៍នៅក្រៅប្រទេសបាន១៨ទីតាំង ក្នុងនោះនៅប្រទេសចិនមាន ១៦ទីតាំង ជប៉ុន ១ទីតាំង និងអេមីរ៉ាតអារ៉ាប់រួម ១ទីតាំង ហើយគ្រោងនឹងបង្កើតនៅតាមបណ្តាប្រទេសផ្សេងៗ ទៀតនៅលើពិភពលោក។ ៨.ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ និងបន្តចុះអនុស្សរណៈដំណាក់កាលទី២ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ ភីធីធី នៅទីតាំងសំខាន់ៗមួយចំនួនតាមបណ្តារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែង នៅខេត្តកំពង់ធំមានស្ថានីយប្រេងឥន្ធនៈ ភីធីធីកំពុងអនុវត្តគម្រោងនេះ។ អត្ថបទលោក ធូ កែវមុន្នី