ទិដ្ឋភាពទូទៅ នៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិទាំងបីក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យបើកដំណើរការ និងមានបងប្អូនប្រជាពលរដ្ឋ ឡានទំនិញចេញចូលជាធម្មតា

0

ខេត្តឧត្តរមានជ័យ៖ ច្រកទ្វារព្រំដែនអន្តរជាតិទាំងបីនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យបើកដំណើរការមានបងប្អូនប្រជាពលរដ្ឋចេញចូលនិងភ្ញៀវជាតិនិងអន្តរជាតិ ឆ្លងកាត់ ឡានដឹកទំនិញទៅមក ជាធម្មតានេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី មន្ត្រី នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៥និងមកដល់ថ្ងៃ៧ ខែមិថុនាឆ្នាំ ២០២៥នេះ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅស្រុកចុងកាល់បានរៀបរាប់ថាគាត់ជាអ្នកលក់ដូរចេញចូល នៅក្នុងផ្សារថៃបានអះអាងថាចំពោះការចេញចូលនៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នេះគឺពុំមានអ្វីគួរឲ្យកត់សម្គាល់ទេគឺចេញចូលធម្មតាដោយយើង ប្រើតែប័ណ្ណព្រំដែនរឹលិខិតឆ្លងដែន តែប៉ុណ្ណោះ ហើយដឹកចរាចរណ៍ចេញចូលគឺជាធម្មតា។

តាមការបញ្ជាក់របស់មន្ត្រីដែលប្រចាំការនៅមាត់ច្រកបានប្រាប់ទៀតថា ចំពោះ បងប្អូនប្រជាពលរដ្ធទូទៅ អាចចេញចូលទាំងទៅទាំងមកធម្មតាដោយឡែក ចំពោះឡានដឹកទំនិញទូទៅគឺចេញចូលជាធម្មតានិងឡានថៃចូលមកដឹកកសិផលនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដដែលក៏ប៉ុន្តែភ្ញៀវជាតិនិងអន្តរជាតិរាងថយចុះបន្តិចវិញចំណែកប្រជាពលរដ្ធទាំងថៃនិងកម្ពុជាមានទំនាក់ទំនងគ្នាល្អពុំមានការរើសអើងឡើយរវាងប្រទេសភូមិផងរបងតែមួយ។

បើយោងតាមការអះអាងឲ្យដឹងពីប្រធានច្រកទាំងបី មានច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់.ច្រកទ្វារព្រំដែនអន្តរជាតិជាំសាង៉ាំ.និងច្រក ទ្វារព្រំដែនអន្តរជាតិជប់គគីរ.បានបញ្ជាក់ ប្រាប់ឲ្យដឹងថាចំពោះច្រក ទាំងបីគឺបើកដំណើរការធម្មតាមានបងប្អូនប្រជាពលរដ្ឋចេញចូលទៅមកជាធម្មតាមិនមានការ ប្រែប្រួលនោះទេ។

ដោយឡែក ស្ថានភាពទូទៅនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ មានប្រាសាទតាមាន់ធំ.ប្រាសាទតាមាន់តូច.ប្រាសាទតាក្របី. ក៏ពុំមាន អ្វីគួរឲ្យកត់សម្គាល់ដែរ ការទំនាក់ទំនងរវាង ទាហានថៃនិង ទាហានខ្មែរ នៅជាប់ព្រំប្រទល់គ្នា ប្រាស្រ័យទាក់ទងគ្នាប្រកបដោយ ភាពស្និទ្ធស្នាលពុំមានអ្វីគួរឲ្យកត់សម្គាល់នោះទេគិតត្រឹមម៉ោងនេះ។

ហើយជាក់ស្តែងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះដោយសារកត្តាធម្មជាតិនៅតាមតំបន់ជួរភ្នំដងរែកធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់តែចំពោះសុខភាពបងប្អូនប្រជាពលរដ្ឋក៏ដូចជាកម្លាំងយោធា ដែលជាកងទ័ពនៅជួរមុខ មានសុខភាពមាំទាំម្នាក់ៗ ស្វាហាប់និងប្រកបកិច្ចការងារដើរយាមល្បាត ជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដីជាធម្មតាពុំមានអ្វី គួរឲ្យកត់សម្គាល់ឡើយ។

សូមជម្រាបផងដែរថា ចំពោះខេត្តឧត្តរមានជ័យ មានច្រកអន្តរជាតិដែលសំខាន់ចំនួន៣ ទីមួយច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ដែលស្ថិតនៅ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ។

ទីពីរច្រកទ្វារព្រំដែនអន្តរជាតិជាំសាង៉ាំស្ថិតនៅក្នុង ភូមិជាំឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ ទីបីច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរស្ថិតនៅក្នុង ភូមិជប់គគីរខាងលិច ក្នុងឃុំអម្ពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យបើកដំណើរការជាធម្មតាជារៀងរាល់ថ្ងៃតែម្តង។ដោយ៖ភ្នំដងរ៉ែក