ខេត្តកំពត: ដើម្បីចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងពត៌មានក្លែងក្លាយ មន្ទីរពត៌មានខេត្តកំពតបាននិងកំពុងចុះធ្វើយុទ្ធនាការផ្សាព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីព័ត៍មានក្លែងក្លាយតាមសាលារៀន ផ្សារ និងទីសាធារណៈផ្សេងៗ ក្រោមពាក្យស្លោក « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»។ បើតាមការបញ្ជាក់របស់លោកស្រីប្រធានមន្ទីរថាយុទ្ធនាការនេះពិតជាសំខាន់ ហើយក្រុមការងារនឹងបន្តចុះធ្វើនៅគ្រប់បណ្តាក្រុងស្រុក។
ប្រធានមន្ទីរព័ត៍មានខេត្តកំពត លោកស្រី ប៉ូ ចាន់រស្មី បានប្រាប់ឲ្យដឹងថា មន្ទីរព័ត៍មានបាននឹងកំពុងធ្វើយុទ្ធការប្រឆាំងនឹងព័ត៍មានក្លែងក្លាយ ១សប្តាហ៍ហើយ។ ការបើកយុទ្ធនាការប្រយុទ្ធប្រឆាំងពត៌មានក្លែងក្លាយ គឺដើម្បីផ្សព្វផ្សាយអប់រំ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងនៅទីជនបទ និងទីប្រជុំជន សិស្សានុសិស្ស ឲ្យមានការយល់ដឹង ពីពត៌មានក្លែងក្លាយ ព្រោះព័ត៍មានក្លែងក្លាយអាចបំផ្លាញ់ដល់សន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ សុខភាពសាធារណៈ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះខ្លួនឯង និងអ្នកដទៃ និងសង្គមជាដើម។
លោកស្រីប្រធានមន្ទីរបានបញ្ជាក់ថា ព័ត័មានក្លែងក្លាយជាសាច់រឿងដែលត្រូវបានគេប្រឌិតឡើង ហើយ ផ្សព្វផ្សាយជាអត្ថបទ រូបភាព វីដេអូ ឬជាសំឡេងនៅលើប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗ ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះ បោកប្រាស់ កេងចំណេញ អាជីវកម្ម សេដ្ឋកិច្ច នយោបាយ និងធ្វើឲ្យជ្រួលច្របល់ក្នុងសង្គម។ ប្រភេទពត៌មានក្លែងក្លាយមានដូចជា ដំណឹងក្លែងក្លាយ ព័ត៍មានក្លែងបន្លំ ព័ត៍មានបំភ្លៃ និងព័ត៍មានភាន់ច្រឡំ។ លោកស្រីប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ការនាំគ្នាផលិត និងចែកចាយព័ត៍មានក្លែងក្លាយគឹបំផ្លាញ់ដល់ខ្លួនឯង គ្រួសារ និងសង្គម។ លោកស្រីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ត្រូវជួយផ្សព្វផ្សាយបន្ត ពីគ្រោះថ្នាក់នៃពត៌មានក្លែងក្លាយដល់មិត្តភក្តិ និងក្រុមគ្រូសារ ហើយសូមធ្វើការចែករំលែកតែពត៌មានណា ដែលមានប្រភពច្បាស់លាស់។
ប្រជាពលរដ្ឋបានបង្ហាញការយល់ឃើញរបស់ខ្លួនថា យុទ្ធនាការ “ប្រយុទ្ធឆាំងនឹងព័ត៍មានក្លែងក្លាយ” ជារឿងចាំបាច់ ដើម្បីឲ្យពលរដ្ឋកាន់តែយល់ដឹងស៊ីជម្រៅអំពីគ្រោះថ្នាក់នៃព័ត៍មានក្លែងក្លាយ។
គួរបញ្ជាក់ថា កន្លងមកមន្ទីរពត៌មានខេត្តកំពត បានរៀបចំកម្មវិធី និងចុះអប់រំផ្សព្វផ្សាយជាញឹកញាប់ពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃពត៌មានក្លែងក្លាយដល់មហាជន រួមទាំងអ្នកសារព័ត៍មានក្នុងខេត្តផងដែរ។ ដោយឡែកសម្រាប់យុទ្ធនាការនាពេលនេះ ក្រុមការងារមន្ទីរនឹងបន្តចុះធ្វើរយៈពេល១ខែពេញ នៅតាមបណ្តាក្រុងស្រុកទាំង៩ទូទាំងខេត្តកំពត៕ សេង ណារិទ្ធ