អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងសិនជិន នៃប្រទេសចិន

0

សៀមរាប: នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងសិនជិន នៃប្រទេសចិន លេខ K៦៩២៩ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានត្រលប់មកពីទីក្រុងសិនជិន ប្រទេសចិន ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួនរបស់ប្រទេសចិន រួមមានទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និង ទីក្រុងសិនជិន។
រដ្ឋលេខាធិការអចិន្ត្រៃយ៍ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ឯកឧត្តម ជា អូន ក្នុងពិធីទទួលជើងហោះហើរត្រង់លើកដំបូងនេះ បានមានប្រសាសន៍ថា ការទទួលបានជើងហោះហើរត្រង់ពីទីក្រុងសិនជិន នៃប្រទេសចិននេះ ជាសញ្ញាល្អ ដែលបង្ហាញកម្ពុជា ជាពិសេសខេត្តសៀមរាប នៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរជនជាតិចិន។ នៅជំហានដំបូងនេះ នឹងមានការហោះហើរចំនួន៣ជើងក្នុងមួយសប្ដាហ៍ ដោយមួយជើងចុះចតនៅសៀមរាប និង ២ជើងទៀត នៅភ្នំពេញ។ ឯកឧត្តម ជា អូន បានឱ្យដឹងថា ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរមកកម្ពុជានោះ ក៏នៅមានក្រុមហ៊ុនមួយចំនួនទៀតបានដាក់ពាក្យសុំហោះហើរមកកម្ពុជាផងដែរ។ ក្រៅពីនេះ អាកាសចរណ៍ជាតិ ក៏បានជំរុញឱ្យមានការហោះហើរពីកម្ពុជា ទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំនេះផងដែរ ហើយបើមានហោះទៅជប៉ុន នោះក៏មានហោះពីជប៉ុនមកកម្ពុជាដែរ។ ឯកឧត្តម បន្ថែមថាចំពោះការតភ្ជាប់ជើងហោះហើរត្រង់នេះដែរ នឹងជួយជំរុញទេសចរចិនពីតំបន់សេដ្ឋកិច្ចពិសេសនៃឈូងសមុទ្រ (Greater Bay Area) របស់ប្រទេសចិន ដែលរួមមានទីក្រុងក្វាងចូវ ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ មកកាន់ប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ ផងដែរ។
ក្នុងឱកាសនោះដែរ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ក្រោយវិបត្តិកូវីដ១៩ វិស័យទេសចរណ៍របស់ខេត្តសៀមរាប បានងើបឡើងវិញជាបណ្តើរៗ និងមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះអ្នកទេសចរជនជាតិចិនបានឈរនៅលំដាប់ទី៤ នៃអ្នកទេសចរបរទេសដែលមកកម្សាន្តនៅខេត្តសៀមរាប។ ចំពោះការហោះហើរត្រង់ថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នាពេលនេះ ក៏ជាសញ្ញាល្អដែលបង្ហាញថា អ្នកទេសចរជនជាតិចិន បានវិលត្រលប់មកកម្ពុជាវិញ៕