កំពង់ធំ៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅបរិវេណសួនស្ទឹងសែន ទីរួមខេត្តកំពង់ធំ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសារទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣១ និងលើកទី២១ នៅកម្ពុជាក្រោមប្រធានបទ “ការការពារសិទ្ធិ និង
តម្រង់ទិសអនាគតជនជាតិដើមភាគតិចក្នុងបរិបទបរិវត្តកម្មឌីជីថល” ។
អង្គពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត, តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងបងប្អូនជនជាតិដើមភាគតិចទាំងអស់ សរុបប្រមាណជាង ៨០០នាក់។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានធ្វើរបាយការណ៍ស្វាគមន៍អំពីស្ថានភាពរីកចម្រើនទូទៅនៅក្នុងខេត្ត បន្ទាប់មកការធ្វើរបាយការណ៍សង្ខេបស្ដីពីការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ដោយលោកស្រី នួន មុនីចិន្ដា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច។ ជាមួយគ្នានោះតំណាងបងប្អូនជនជាតិដើមភាពតិចបានសម្ដែងចំណាប់អារម្មណ៍ និងសំណូមពរ ព្រមទាំងការថ្លែងនូវចំណាប់អារម្មណ៍របស់តំណាងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ជាអង្គការដៃគូរក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
ឯកឧត្ដម ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថាការប្រារព្ធទិវានេះ គឺពិតជាការបញ្ជាក់អំពីការរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់គុណតម្លៃនៃសីលធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ រស់រវើក និងក៏ជាឱកាសក្នុងការប្រមូលផ្តុំទស្សនៈ ដែលជាគន្លឹះសម្រាប់ជួយអភិវឌ្ឍន៍ជូនបងប្អូនជនជាតិដើមភាគតិច ហើយក៏ជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ដល់បងប្អូនជនជាតិដើមភាគតិច ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានសម្ដែងសេចក្ដីសោមន្ស និងអបអរសាទរក្នុងទិវាប្រកបដោយអត្ថន័យនេះ ព្រមទាំងបានអាននូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣១ និងលើកទី២១ នៅកម្ពុជា ។ តាមរយៈសារលិខិតរបស់សម្ដេចធិបតី បានបង្ហាញថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន ២១៣សហគមន៍ បានចុះបញ្ជីជានីតិបុគ្គលពីក្រសួងមហាផ្ទៃចំនួន១៥៥សហគមន៍ និងបានចេញបណ្ណកម្មសិទ្ធិដីសមូហភាពចំនួន ៤២សហគមន៍ ដែលជាការសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ការលើកកម្ពស់សិទ្ធិ និងការការពារឧត្តមប្រយោជន៍របស់ជនជាតិដើមភាគតិច។ ក្នុងសារលិខិតដដែល សម្ដេចធិបតី ក៏បានផ្ដល់ជាអនុសាសន៍ ចំនួន ៧ចំណុច ជូនដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមសហការជាសហថាមពល ដើម្បីឱ្យការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។
ជាមួយគ្នានោះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល២ឆ្នាំ កន្លងមកនេះ ក្នុងការសម្រេចបាននូវសមិទ្ធផលធំៗ និងលេចធ្លោរគួរឱ្យកត់សម្គាល់ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដោយរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច បើទោះបីជាពិភពលោកកំពុងស្ថិតនៅក្នុងបរិការណ៍មួយដែលមានភាពប្រែប្រួល និងមិនមានភាពប្រាកដប្រជា ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅ ឆ្នាំ២០៥០” ។ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទក៏បាននិងកំពុងយកចិត្តទុកដាក់អនុវត្តនូវផែនការយុទ្ធសាស្ដ្ររបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវ ដោយមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាឲ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ជាពិសេសការការពារ និងលើកតម្កើងសិទ្ធិសេរីភាព ក៏ដូចជាបន្តថែរក្សាទាំងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសា របស់បងប្អូនជនជាតិដើមភាគតិចផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រីបានអញ្ជើញផ្ដល់កិត្តិយសប្រគល់បណ្ណសរសើរជូនដល់មន្ដ្រីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជា និងបានអញ្ជើញទស្សនាការតាំងពិព័រណ៍ផលិតផលរបស់បងប្អូនជនជាតិដើមភាគតិច។ អត្ថបទក្រសួងអភិវឌ្ឍន៍ជនបទ






































