កំពង់ធំ÷ បន្ទាប់ពីចុះសិក្សាស្វែងយល់អំពីការចិញ្ចឹម ត្រី និងការប្រមូលផលត្រីរ៉ស់នៅកសិដ្ឋានចិញ្ចឹមត្រីរបស់លោក តាន់ វណ្ណា រួចមក នៅថ្ងៃថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកស្ទោង ឯកឧត្តមបណ្ឌិត សួង ណយ ប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានបន្ត
បេសកកម្មដឹកនាំកិច្ចជំនួបពិភាក្សា ស្តីពីបច្ចេកទេសនៃការប្រើចំណី ភ្ញាស់ ចិញ្ចឹម ប្រមូលផល កែច្នៃ ទីផ្សារផលិតផលវារីវប្បកម្ម និងភ្ជាប់ជាមួយស្ថាប័នហិរញ្ញវត្ថុដើម្បី ស្ថេរភាពអាជីវកម្ម ដែលកិច្ចជំនួបពិភាក្សានេះក្រោមការសម្របសម្រួលដោយរដ្ឋបាលស្រុកស្ទោង។
សមាសភាពចូលរួម មានចំនួនសរុប១១៩រូប ក្នុងនោះ ក្រុមការងារថ្នាក់ជាតិ៥រូប ថ្នាក់ខេត្ត៦រូប ស្រុក៤រូប មន្រ្តីកសិកម្មឃុំ៦រូប តំណាងស្ថាប័នហិរញ្ញវត្ថុ៧រូប(KE ARDB SMEB) កសិដ្ឋានជំនាញវារីវប្បកម្ម៣រូប កសិករចិញ្ចឹមត្រី៥៧រូប សិប្បកម្មកែច្នៃត្រី៧រូប អាជីវករលក់ត្រី និងផលិតផលកែច្នៃ១២រូប ក្រុមហ៊ុន ផលិតចំណីក្នុងស្រុក និងបរទេស១២រូប(New Hope, DeHeus, CJ, Tongwei)។
ឯកឧត្តមបណ្ឌិត សួង ណយ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ប្រធានក្រុមរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនចំពោះប្រជាកសិករ មន្ត្រីករាជការគ្រប់លំដាប់ថ្នាក់ក្នុងស្រុកស្ទោងទាំងអស់ ចក្ខុវិស័យរបស់ក្រុមការងារ និងអំពីផែនការវារីវប្បកម្មខេត្តកំពង់ធំ ដោយប្រទាក់ក្រឡាគ្នាពីការជ្រើសរើសមេពូជ ភ្ញាស់ ចិញ្ចឹម ប្រមូលទិញ កែច្នៃ ទីផ្សារ ភ្ជាប់នឹងស្ថាប័នហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្ម ហើយជំរុញឱ្យក្រុមហ៊ុនផលិតចំណីត្រីឱ្យជួយទិញវត្ថុធាតុដើមពីខេត្តកំពង់ធំវិញ។
ជំនួបពិភាក្សាមានបទបង្ហាញរបស់អ្នកជំនាញត្រីរ៉ស់ (លោក តាន់ វណ្ណា និងលោក ផុន សុវណ្ណ) ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី និងតំណាងក្រុមហ៊ុនផលិតចំណី និងស្ថាប័នហិរញ្ញវត្ថុបានធ្វើបទបង្ហាញអំពី៖ ការធ្វើស្រះ បច្ចេកទេសភ្ញាស់ ចិញ្ចឹម ប្រមូលទិញ កែច្នៃ ទីផ្សារ និងការប្រើចំណីត្រី។ ស្ថាប័នហិរញ្ញវត្ថុ ណែនាំឱ្យការរៀបចំឯកសារចំណូលចំណាយ ដើម្បីទទួលបានឥណទាន និងអំណោយ។ ស្ថាប័នហិរញ្ញវត្ថុទាំង៣ បន្តពិភាក្សាលម្អិតជាមួយកសិករចិញ្ចឹមត្រី អ្នកកែច្នៃ និងអាជីវករផលនេសាទ ដោយចែកជា៣ក្រុមទៅតាមជម្រើសដែលពួកគាត់ចង់ស្វែងយល់បន្ថែម ដើម្បីទទួលបានឥណទាន ឬជំនួយពីស្ថាប័នហិរញ្ញវត្ថុខាងលើ។
សូមជម្រាបផងដែរថា ក្រុមការងារបន្តដំណើរចុះមើល កសិដ្ឋានចិញ្ចឹមត្រី+ធ្វើស្រែ១៥០០ហិកតា ស្រុកបារាយណ៍ និងកសិដ្ឋានភ្ញាស់ត្រី៦៨ហិកតា ស្រុកតាំងគោក ខេត្តកំពង់ធំ។ អត្ថបទឯកឧត្តមបណ្ឌិត សួងណយ





































