ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូន​ក្រុមគ្រួសារសពអតីតយុទ្ធជន

0

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការ​សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ​ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរ​ដែនដី​ នាំយកនូវថវិកាបេឡាមរណសង្គ្រោះ និងអំណោយមនុស្សធម៍របស់សម្តេចមហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូនគ្រួសារសពអតីតយុទ្ធជនពិការ នៅភូមិរមាំងងាប់​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ។

លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ​ បានរាយការណ៍បញ្ជាក់ថា៖ លោក​ ធី សាំ មានអាយុ ៥៥ឆ្នាំ មានឋានន្តរសក្តិពលបាលត្រី លោកបានចូលប្រើកងទ័ពនៅឆ្នាំ១៩៨៩ អតីតនៅអង្គភាពផ្នែកសឹករងកំពង់ស្វាយ នៃបញ្ជា​ការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោកបានទទួលមរណៈភាព​ដោយ​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរ​ នៅ​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ។ លោក ធី សាំ ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះ​​ជាតិ​ និង​មាតុ​ភូមិ​ ដោយ​បានរួមចំណែកក្នុងការការ​ពារទប់​ស្កាត់​មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​វឹល​ត្រឡប់​មក​វិញ​ និង​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​អនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកកំពង់ស្វាយ និងអាជ្ញាធរដែនដី បានថ្លែងនូវការ​សោកស្ដាយ​អាឡោះអាល័យ​ និង​បាន​គោរពបួងសួងដល់វិញ្ញាណក្ខន្ធលោក ធី សាំ សូមទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងបានជូនពរដល់ក្រុមគ្រួសារសព សូម​មានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ។

នៅក្នុងឱកាសនេះដែរ​ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារសព រួមមាន អង្ករចំនួន៥០គីឡូក្រាម​ មីជាតិចំនួន២កេស​ ទឹកត្រីទឹកស៊ីអ៉ីវ​ចំនួន៤យួរ និង​ត្រីខ​កំប៉ុងចំនួន​២​ យួរ​ផងដែរ​ ។