រដ្ឋបាលខេត្តសៀមរាបចូលរួមកាន់វេនបិណ្ឌទី២នៅវត្តរាជបូណ៌ និងវត្តទេពពោធិវង្សក្នុងក្រុងសៀមរាប

0

សៀមរាប៖ នៅរៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ ។ ពិធីបុណ្យធ្វើទៅតាមទំនៀមប្រពៃណីពីដូនតាតរៀងមក ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរ ដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅ ។ និយាយដោយឡែកនៅថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប មានសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តបានដឹកនាំមន្រ្តីរាជការ មន្ទីរអង្គភាពបានចូលរួមកាន់វេនបិណ្ឌ២ជាមួយបងប្អូនប្រជាពលរដ្ឋនៅវត្តរាជបូណ៌ និង វត្តទេពពោធិវង្ស ដែលស្ថិតនៅក្នុងក្រុងសៀមរាប ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូន ជីតា និងញាតិការទាំង៧សន្តាន តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និង ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន ជិតខាង។
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សា គណៈសង្ឃនាយក និង ប្រធានថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា បានថេរដីកាឲ្យដឹងថាពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណី ព្រះពុទ្ធសាសនាខ្មែរដ៏សំខាន់ ។ ពិធីបុណ្យភ្ជុំបិណ្ឌនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ក្នុងការបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម និង បញ្ចាក់ឲ្យឃើញពីការសម្បូរហូរហៀរនៃភោគផលធញ្ញាហារផ្សេងៗ របស់ប្រជាជនខ្មែរផ្គត់ផ្គង់ព្រះសង្ឃក្នុងព្រះវស្សា និង សម្តែងនូវភាពកតញ្ញូកតវេទី.ដាស់តឿនស្មារតីដល់មនុស្សគ្រប់រូបកុំឲ្យមានសេចក្តីប្រមាទក្នុងការធ្វើអំពើបាបនានា ព្រមទាំងឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធនៃបុព្វការីជននិងពពួកញាតិ.សន្សំនូវមហាកុសលទុកជាទីពឹងរបស់ខ្លួន និងបន្តថែរក្សាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឲ្យតាំងនៅស្ថិតស្ថេរអស់កាលជាយូរអង្វែង។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា វិស័យអាណាចក្រនិងពុទ្ឋចក្រនៅកម្ពុជា គឺដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ ហេតុនេះវិស័យព្រះពុទ្ឋសាសនារីកចំរើនលូតលាស់ទៅបាន គឺអាស្រ័យដោយប្រជាពុទ្ឋបរិស័ទមានជីវភាពសម្បូរធូរធារ យើងមានឱកាសបានបំពេញបុណ្យតាមទៅកាលវេលាទៅតាមគន្លងប្រពៃណីពីជីដូនជីតាបានពេញលេញដោយគ្មានក្តីបារម្ភ ។ លោកបានបន្តថា ការចូលរួមកាន់វេនបិណ្ឌជាមួយបងប្អូនពុទ្ធបរិស័ទនេះ ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកទៅហើយនោះ និងវរយុទ្ធជន យុទ្ធនារីដែលបានពលីក្នុងបុព្វហេតុរំដោះជាតិការពារមាតុភូមិ ព្រមទាំងបងប្អូនរងគ្រោះដែលបានស្លាប់ទៅដោយភាពអយុត្តិធម៌ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ប៉ុលពត និង ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែនជិតខាង។
នៅក្នុងពិធីកាន់បិណ្ឌនោះផងដែរ លោកបាននាំយកនូវគ្រឿងឧបភោគ បរិភោគ និង សម្ភារៈ ចំនួន១៣មុខ រួម និងបច្ច័យមួយចំនួន បានវេរប្រគេនដល់ព្រះសង្ឃទាំងពីរវត្ត ដើមី្បយកទៅប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ព្រមទាំងចែកជូនផងដែរដល់សីលវ័ន្ត សីលវន្តី ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកាផងដែរ ៕