(កំពង់ធំ)៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់តាមតំបន់ ស្តីអំពីការរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ
និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម តំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត តំណាងអង្គការ/គម្រោងដៃគូ និងតួអង្គខ្សែច្រវាក់តម្លៃស្វាយមកពីខេត្តកំពង់ធំ ព្រះវិហារ កំពង់ចាម ក្រចេះ និងខេត្តស្ទឹងត្រែង រៀបចំដោយក្រុមការងារចំបង្កើតសហព័ន្ធស្វាយកម្ពុជា (Task Force) សហការណ៍រៀបចំដ និងគាំទ្រដោយ៖ ក្រសួងពាណិជ្ជកម្ម, អង្គការ GIZ និងអង្គការ CIRD។
ក្នុងឱកាសនេះ ឯកឧត្តម ងួន រាសី មានប្រសាសន៍ថា៖ ផ្អែកតាមស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន យើងឃើញថា មានការរីកចម្រើនស្នើគ្រប់វិស័យ នៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេស។ ជាពិសេសក្នុងអាណត្តិទី ៧ របស់រាជរដ្ឋាភិបាលនេះ បានចាត់ទុកវិស័យឯកជនជាកម្លាំងចលករ និងជាដៃគូមិនអាចខ្វះបាន។ បរិការណ៍នេះធ្វើឱ្យខេត្តកំពង់ធំយើងមានលទ្ធភាពអាចចូលរួមបង្កើត សហព័ន្ធស្វាយកម្ពុជា ជាមួយគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ដែលមានឧត្តមានុវត្តន៍ និងជានវានុវត្តន៍បានយ៉ាងជោគជ័យ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម វ៉ា រុតសាន ថ្លែងក្នុងពិធីសិក្ខាសាលផ្សព្វផ្សាយ និងពិគ្រោះយោបល់តាមតំបន់ នេះថា៖ ស្វាយ គឺជាដំណាំកសិ-ឧស្សាហកម្មមានសក្តានុពលមួយ ក្នុងចំណោមកសិ-ឧស្សាហកម្មផ្សេងទៀត ដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា មានក្រសួងពាណិជ្ជកម្មជាសេនាធិការ បាននឹងយកកំពុងយកចិត្តទុកដាក់ជំរុញផលិតផលមួយនេះទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ ដូចជាការ ពិពិធកម្មទីផ្សារ ដោយរក្សាទីផ្សារ និងពង្រីកទីផ្សារ តាមរយៈការចរចារចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីទាំងក្នុង និងក្រៅតំបន់ជាច្រើន។
ឯកឧត្តម បន្តទៀតថា ទន្ទឹមនេះក្រៅពីការស្វែងរកទីផ្សារ ក្រសួងមានផ្តល់ការគាំទ្រ ការផ្តួចផ្តើមបង្កើតឱ្យមានជាសមាគម សហព័ន្ធស្វាយ ដែលប្រមូលផ្តុំគ្រប់តួអង្គខ្សែច្រវាក់តម្លៃពាក់ព័ន្ធទាំង អស់ចាប់តាំងពីអ្នកផលិត អ្នកផ្គត់ផ្គង់ធាតុចូល អ្នកកែច្នៃ និងក្រុមហ៊ុននាំចេញជាដើម្បី សំដៅធ្វើឱ្យផលិតផល កាន់តែមានស្តង់ដា ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាដើម។
គូសបញ្ជាក់ផងដែរ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖ ណែនាំអំពីអនាគតរបស់សហព័ន្ធ និងបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជា កៀរគរតួអង្គខ្សែច្រវាក់តម្លៃស្វាយចូលរួមក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជាពិភាក្សា និងប្រមូលធាតុចូលលើសេចក្តីព្រាងលក្ខន្តិកៈរបស់សហព័ន្ធស្វាយកម្ពុជាពីអ្នកចូលរួមក្នុងសិក្ខាសាលា។






































