សៀមរាប៖ គណៈប្រតិភូក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានដឹកនាំប្រតិភូអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៅមជ្ឈមណ្ឌលអភិវឌ្ឍ
យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាបចំនួន ២៨៧គ្រួសារក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរយើងកាន់សាសនាព្រះពុទ្ធ ប្រារព្វធ្វើបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅព្រឹកថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២៥។
បន្ទាប់ពីកិច្ចស្វាគមន៍ ឧត្តសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និង ជានាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប រួចមក ក្នុងនាមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវ និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រមហាក្សត្រ និងលោកជំទាវ ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ សំខាន់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាបទាំងអស់ នៅក្នុងរដូវបុណ្យទានប្រពៃណីជាតិ ក៏ដូចពិធីបុណ្យជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈប្រតិភូក្រសួងការពារជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែចុះមកសាកសួរសុខទុក្ខដល់ យោធិនពិការ បាត់បង់សុពលភាពការងារ និង យោធិននិវត្តន៍នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការក៏ដូចនៅតាមបណ្តាកងពល និងអង្គភាពផងដែរ ។
ក្នុងនោះដែរនាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ពី លទ្ធផលដែលមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ដែលអនុវត្តបាន សំខាន់លើការងារសង្គម ។ ទោះបីបងប្អូនជាយោធិនពិការពិតមែន តែបងប្អូនមានមនសិការជាតិមាតុភូមិ បានចូល រួមលើការផ្គត់ផ្គង់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ នៃគ្រួសារភៀសសឹក និង គ្រួសារកងទ័ព ។ ក្នុងនោះដែរ នាយ ឧត្តមសេនីយ៍ ក៏បានលើកផងដែរ ពីស្ថានការណ៍រវាងកម្ពុជា និង ថៃ នៅតាមបណ្តោយព្រំដែន ។ ឯកឧត្តមបានបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ពីការងារព្រំដែនរវាងប្រទេសភូមិផងជាមួយគ្នា ឲ្យក្លាយជាព្រំដែនអភិវឌ្ឍន៍ និង សន្តិភាព ក្នុងកិច្ចសហប្រតិបត្តិការល្អផងដែរ ។ នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណចំពោះគ្រួសារយោធិនពិការ ដែលបានលះបង់ប្តី និងសមាជិកគ្រួសារ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងតែដឹងគុណជានិច្ចចំពោះវីរភាពដ៏អង់អាចក្លាហាន របស់យោធិនពិការដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ដោយគុណបំណាច់ទាំងនេះ ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់នូវអ្វីៗទាំងអស់គ្រប់បែបយ៉ាង ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់យោធិនពិការ ព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ។ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានកោតសរសើរ ចំពោះវីរភាពបងប្អូនយោធិនពិការទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ, ការលះបង់ និងពលិកម្មគ្រប់បែបយ៉ាង ក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាពធ្វើឲ្យប្រជាជនរស់ ក្នុងសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ ។ នាយឧត្តមសេនីយ៍ ក៏បានធ្វើការផ្តាំផ្ញើដល់យោធិនពិការទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងសំខាន់ចូលរួមក្នុងការបង្ការទប់ស្កាត់ជម្ងឺផ្សេងៗ និង ការងារសង្គម ។
នៅក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំយកអំណោយរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ជូនដល់យោធិនពិការ និងគ្រួសារ ចំនួន២៨៧គ្រួសារ និង គ្រូបង្រៀន ពេទ្យឆ្មប មួយគ្រួសារ ឃីត ១កញ្ចប់ និង ឧបត្ថម្ភថវិកា ដល់មជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន ៣លានរៀល ដើមី្បប្រើប្រាស់ក្នុងអង្គភាព ៕






































