ឧត្តមសេនីយ៍ទោសមស៊ុន ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ចូលរួមពិធីកាន់បិណ្ឌវេនទី៣ នៅវត្តស្រែវាលខាងកើត និងវត្តស្រែវាលខាងលិច ស្ថិតនៅក្នុងឃុំដងកាំបិត

0

កំពង់ធំ  :    នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត បានដឹកនាំសហការី ចូលរួមជាមួយលោកតាលោកយាយប្រជាពុទ្ធបរិស័ទ ក្នុងពិធីកាន់បិណ្ឌវេនទី ៣  ក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តស្រែវាលខាងកើត និងវត្តស្រែវាលខាងលិច  ស្ថិតនៅក្នុងឃុំដងកាំបិតស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម​ ស៊ុន បានបញ្ជាក់ថា ការ​សូត្រ​មន្ត​ រាប់​បាត្រ​ បង្សុកូល​ នៅ​ថ្ងៃ​នេះ​ គឺដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ដោយពួកគាត់បានរួមចំណែកអនុវត្តនូវនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុនសែន នាំមកនូវសុខសន្តិភាព និងការឯកភាពពេញលេញ ជូន​ប្រជាជន​កម្ពុជា​។ ពិសេសសូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈយុទ្ធជននៃកងយោធពលខេមរៈភូមិន្ទ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ពួកចោរសៀមនៅតាមព្រំដែនកម្ពុជា ថៃ នាពេលថ្មីៗកន្លងទៅនេះ និងបានបួងសួងដល់វិញ្ញាណក្ខន្ធរបស់ពួកគាត់បានទៅកាន់សុខគតិភពកុំបីឃ្លៀងទៀតឡើយ។

និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីភាពគ្នា ជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពម៉ឺងម៉ាត់ឈ្លាសវៃ របស់ប្រមុខនៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង។ ជាមួយនោះដែរបងប្អូនទាំងអស់គ្នា ត្រូវរួមគ្នាពហិកា ដោយមិនត្រូវប្រើប្រាស់នូវផលិតផល ឬទំនិញផ្សេងៗរបស់សត្រូវឈ្លានពានយើងឡើយ។ យើងត្រូវរួមគ្នាលើកស្ទួយប្រេីប្រាស់ផលិតផលដែលផលិតបាននៅក្នុងស្រុករបស់យើង ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិយើងឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឧត្តមសេនីយ៍ទោ សោមស៊ុន រួមជាមួយក្រុមការងារ របស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិតស្រុក សណ្ដាន់ ខេត្តកំពង់ធំ បានចូលរួម រាប់បាត្រ បង្សុកូល និងប្រគេនថវិកា គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ  ដើម្បីរៀបចំក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងបានប្រគេនចង្ហាន់ ដល់ព្រះសង្ឃផងដែរ ។

ព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ , លោក​តាអាចារ្យគណៈកម្មាធិការវត្ត ព្រមទាំងលោកយាយ លោកតា ពុទ្ធបរិសុទ្ធ ចំណុះជើងវត្ត បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម​ ស៊ុន និងសហការីទាំងអស់ ដែលតែងតែផ្សារភ្ជាប់ជាមួយមូលដ្ឋាន លើគ្រប់វិស័យ​ ទាំងវិស័យពុទ្ធចក្រ  អាណាចក្រ និងការងារមនុស្សធម៌ផ្សេងៗជួយដល់ប្រជាពលរដ្ឋនិងអតីតយុទ្ធជននៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់​ ខេត្តកំពង់ធំ និងបានសូមជូនពរក្រុមការងារទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង ៤​ ប្រការកុំបីឃ្លៀងទៀតឡើយ។

ដោយ ប៊ុន​ រដ្ឋា