ខេត្តស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមហ៊ុន អាន ម៉ាឌី ហ្គ្រុប ចំការកៅស៊ូពាមជាំង រដ្ឋបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅចែកជូនដល់កងទ័ព នៃបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលបានចងសម្ព័ន្ធមេត្រីជាមួយក្រសួងបរិស្ថាន នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ពិធីប្រគល់អំណោយនេះ បានធ្វើឡើងនៅក្នុងបរិវេណ នៃបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា៖ កងទ័ពជាខឿនការពារជាតិដ៏រឹងមាំមិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយកងទ័ព ក្រសួងបរិស្ថាន រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ដល់សុខទុក្ខកងទ័ពជួរមុខ ការពារព្រំដែនជានិច្ច ទោះក្នុងកាលៈទេសណាក៏ដោយ ជាពិសេសបាននាំយកជាស្បៀង គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ យកទៅជូនកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធប្រឆាំងជាមួយសត្រូវឈ្លានពានទឹកដី ប្រកបដោយភាពអង់អាចក្លាហាន លះបង់កម្លាំងកាយ ចិត្ត និងអាយុជីវិត ក្នុងការពារជាតិ បូរណភាពទឹកដី និងប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានពាំនាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំគ្រប់ថ្នាក់ នៃរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសរបស់ក្រសួងបរិស្ថាន ជូនចំពោះកងទ័ពទាំងអស់ នៃយោធភូមិភាគទី១។
ជាមួយអំណោយដថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក្នុងឱកាសនោះរួមមាន៖ អង្ករ ត្រីខ គ្រឿងឧបភោគ បរិភោគជាច្រើន កុំព្យុទ័រយួរដៃ ម៉ាស៊ីនព្រីនធ័រ និងសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀត រួមជាមួយថវិកាមួយចំនួនផងដែរ។ ហើយនៅក្នុងខណៈនោះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានប្រកាសផ្តល់អំណោយដ្រូនចំនួន ៥គ្រឿង ដល់បញ្ជាការដ្ឋានយោធភូមិភាគ១ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមពង្រឹងខឿនការពារជាតិ ជាពិសេសក្នុងការឆ្លើយតបនឹងកិច្ចសហប្រតិបត្តិការល្អ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ នៅក្នុងភូមិខេត្តស្ទឹងត្រែង។
ជាការឆ្លើយតប ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ បានថ្លែងអំណរគុណ ដល់ការបង្កើតឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ព ជាមួយក្រសួង ស្ថាប័ន និងវិស័យឯកជន។ ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានបន្តថា សម្ព័ន្ធមេត្រីភាពនេះ បានធ្វើឱ្យទំនាក់ទំនងរវាងអង្គភាពកងទ័ព ជាពិសេសទ័ពជួរមុខនៃយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង កាន់តែមានភាពមុះមុត ក្នុងការការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដីកម្ពុជា ឱ្យបានដាច់ខាត និងបានប្តេជ្ញាប្រឆាំងដាច់ខាតរាល់ការឈ្លានពានពីសត្រូវ គាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ដោយ៖ឡុង សំបូរ





































