ឯកឧត្ដម អ៊ុន ចាន់ដា នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនវីរយុទ្ធជនជួរមុខ ២រូប ដែលមានជម្ងឺ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនលោកនាយចំណង់ យឹង យីង អាយុ ៦០ឆ្នាំ និងលោកព្រឹន្ទបាលឯក ដួង ចិន្ត្រា អាយុ ៤៧ឆ្នាំ ជាវីរយុទ្ធជនជួរមុខ វរ:សេនាតូច ២១១ នៃកងពលធំលេខ ២១ ទិសប្រសាទតាក្របី ដែលមានជម្ងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ បានណែនាំអោយ គ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ អោយទាន់ពេលវេលា ពិសេស ត្រូវគិតគូរ ផ្តោតអាទិភាពទៅលើយោធិនរបួស ពិការ មានជម្ងឺ គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកជាសំខាន់ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា បានសំណូមពរវីរយុទ្ធជនទាំង ២រូប ខិតខំថែទាំសុខភាពអោយបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យអោយបានខ្ជាប់ខ្ជួន និងជូនពរវីរកងទ័ពទាំង ២រូប ឆាប់ជាសះស្បើយពីជម្ងឺ នឹងបានវិលត្រឡប់ទៅបំពេញ បេសកកម្មនៅ អង្គភាពវិញ ។
ឯកឧត្តមប្រធាន ក៏បានផ្តល់អំណោយ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូននាយចំណង់ យឺង យីង និងលោកព្រិន្ទបាលឯក ដួង ចិន្ត្រា ព្រមទាំងក្រុមគ្រួសារ ក្នុងម្នាក់ៗ ទទួលបាន ៖ អង្ករ ៥០គក្រ ព្រមទាំង គ្រឿងឧបភោគ បរិភោគ ២សម្រាប់ – ត្រីខ ១យួរ – ផ្លែឈើស្រស់ ១កន្ត្រក និង ថវិកាចំនួន ១លានរៀល ផងដែរ ៕