កិច្ចប្រជុំលើកទី៤ ស្តីពីការពិនិត្យគម្រោងវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨

0

(កំពង់ធំ)៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លី វេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាលខេត្តកំពង់ធំ ដឹកនាំ​កិច្ចប្រជុំលើកទី៤ ស្តីពីការពិនិត្យឡើងវិញនូវគម្រោង​សកម្មភាពដែលផ្តល់ដោយមន្ទីរ អង្គភាព ក្រុង ស្រុក ដើម្បីរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ នៅសាល់ប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម បានលើកឡើងថា បន្ទាប់ពីកិច្ចប្រជុំ​ណែនាំ​កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារ​កសាង​​ផែនការខេត្តបានប្រមូលទិន្នន័យ ធាតុចូល​ពីមន្ទីរ អង្គភាព ក្រុង ស្រុក នានា ដើម្បីរៀបចំជា​តារាង​គម្រោងវិនិយោគ។ ក្នុងនោះ រួមមានគម្រោង​ដែលបាន​អនុវត្តរួច គម្រោងកំពុងដំណើរការ គម្រោងមានការសន្យាគាំទ្រ និងគម្រោងអាទិភាព​ដែលត្រូវបានស្នើសុំបញ្ចូលក្នុងកម្មវិធីវិនិយោគខេត្ត។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីវិនិយោគ​ជាកិច្ចការចាំបាច់ដែលត្រូវធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែលទ្ធផលបូកសរុបធាតុចូលនៅតាម ក្រុង ស្រុក នៅមានភាពខ្វះចន្លោះមិនទាន់ឆ្លុះបញ្ចាំងត្រឹមត្រូវទៅលើតម្រូវការស្ថានភាពបច្ចុប្បន្ន នៃវិស័យសង្គម និងសេដ្ឋកិច្ច ដូច្នេះត្រូវការការខិតខំប្រឹងប្រែង​បន្ថែម​ពីស្ថាប័នជំនាញ និងរដ្ឋបាលគ្រប់ថ្នាក់។

ឯកឧត្តម បានអំពាវនាវឱ្យមន្ត្រីជាប់ពាក់ព័ន្ធ ពិនិត្យឡើងវិញនូវគម្រោងសកម្មភាពទាំងអស់ ដើម្បីបូកសរុបជាចុងក្រោយ ត្រៀមសម្រាប់​វេទិការ​ពិគ្រោះយោបល់ថ្នាក់ខេត្ត និងសិក្ខាសាលា​សមាហរណកម្ម​ថ្នាក់ក្រុង ស្រុក។

ឯកឧត្តមបានថ្លែងអំណរគុណដល់វត្តមាន និងការចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមជូនពរ​ឱ្យកិច្ចការរៀបចំ​កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ ទទួលបានជោគជ័យ និងប្រសិទ្ធភាព។ អត្ថបទ រិទ្ធី, រូបភាព ប៊ុនហ័រ.ពិនិត្យដោយអ៊ុមញឹប។