សៀមរាប៖ប្រតិទិនចន្ទគតិ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនឹងប្រតិទិនសូរិយាគតិ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាឱកាសនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីព្រះពុទ្ធសាសនា ក្នុងកម្មវិធីដែលបានគ្រោងទុក រដ្ឋបាលខេត្តសៀមរាប ត្រូវបានទទួលកាន់វេនទី១០ នៅវត្តប្រាសាទ
គោកចក ភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ដោយមានការអញ្ជើញពីឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញ ចូលរួមដោយទឹកចិត្តជ្រះថ្លា ។បុណ្យភ្ជំបិណ្ឌ គឺជាបុណ្យដែលត្រូវបានប្រារព្ធឡើងតាមរដូវកាលកំណត់ ជាបុណ្យដែលអនុលោមតាមពុទ្ធប្បញ្ញត្តិផង និងពុទ្ធានុញ្ញាតិផង កប់ជ្រៅក្នុងជំនឿនៃពុទ្ធបរិស័ទ ព្រមទាំងបានក្លាយជាប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក ។
តាមសង្ឃដិការបស់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក បានលើកឡើងថាពិធីកាន់វេនបិណ្ឌនេះ ពុទ្ធសាសនិកជនខ្មែរ ត្រូវបានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ និងត្រូវប្រារព្ធថ្ងៃបុណ្យភ្ជំបិណ្ឌធំ ត្រូវថ្ងៃ១៥រោច ខែភទ្របទ ហើយរដ្ឋបាលខេត្តបានកំណត់កម្មវិធីរបស់ខ្លួន ចូលរួមជាមួយប្រជាពុទ្ធបរិស័ទតាមទីអារាមនានា គ្រប់បណ្តាថ្ងៃសំខាន់ៗទាំងអស់នោះ ដោយការជួបជុំគ្នា នាំយកនូវចង្ហាន់ ទ័យ្យវត្ថុ និងបច្ច័យផងដែរ ទៅវេរប្រគេនចំពោះព្រះសង្ឃតាមសទ្ធជ្រះថ្លារៀងៗខ្លួន រួមមានពិធីបង្សុកូល រាប់បាត្រព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្តអ្នកមានគុណ មានមាតាបិតា ជីដូនជីតា និង ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត សំខាន់ជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ។
ក្នុងឱកាសកាន់បិណ្ឌវេនទី១០នេះ ឯកឧត្តម លី សំរិទ្ធ និង ឯកឧត្តម ប្រាក់ សោភ័ណ រួមទាំងឯកឧត្តម លោកជំទាវ អស់លោកលោកស្រី និង ពុទ្ធបរិស័ទបានអញ្ជើញ រាប់បាត្របង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និង ញាតិការទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ដល់វីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីចោរឈ្លានពាន។ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងវិញ ដោយបើកទូលាយ ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ។ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រ មានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន រហូតមកដល់សព្វថ្ងៃ។
ក្នុងពិធីកាន់បិណ្ឌវេនទី១០នេះ បានវេរប្រគេននូវទ័យវត្ថុ និង គ្រឿងឧបភោគ បរិភោគ ចំនួន១៣មុខ រួមនឹង បច្ច័យដល់ព្រះសង្ឃ ក្នុងនោះឯកឧត្តម ប្រាក់ សោភ័ណ បាននាំយកបច្ច័យរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ ចំនួន ៥ពាន់ដុល្លា រួមទាំងរដ្ឋបាលខេត្ត និង ប្រជាពុទ្ធបរិស័ទ នូវបច្ច័យសរុប ៨លាន៣សែនរៀល ដើមី្បយកទៅកសាងសមិទ្ធផលនានា នៅក្នុងទីវត្តប្រាសាទគោកចក និង សីលវ័ន្ត សីលវន្តី ចំនួន ៥០នាក់ ទទួលបានក្នុងម្នាក់ៗ កំណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល ៕






































