កំពង់ធំ – ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការគ្រប់គ្រងទូកវត្តឌួងសូរិយា (ហៅវត្តក្តីដូង) ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបចំ ពិធីក្រុងពាលីរំកិលទូកឈ្មោះ “ស្ទឹងសែនធិបតីបារមីក្តីដូង” ចុះពីលើបង្គង ដើម្បីចូលរួមប្រកួតអបអរសាទរមិត្តភាព នៅខេត្តកណ្ដាល ក្រោមកាលបរិច្ឆេទ ២០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។
កម្មវិធីនេះមានវត្តមាន អភិបាលរងខេត្តកំពង់ធំ ព្រះអង្គគ្រូធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា លោកអាចារ្យ គណៈកម្មការទូក ក្រុមកីឡាករ និងប្រជាពលរដ្ឋជាច្រើន។
ក្នុងឱកាសនោះ ក៏ត្រូវបានលើកទឹកចិត្តក្រុមកីឡាករទូកឱ្យខិតខំហ្វឹកហាត់ ដើម្បីដណ្តើមយកជ័យលាភី និងលើកកិត្តិយសមុខមាត់ខេត្ត ដូចជាកាលពីអតីតកាល។ ព្រមជាមួយនេះ លោកបានផ្តាំឲ្យក្រុមកីឡាករទូកគោរពវិន័យ មានស្មារតីក្លាហាន រួមគ្នាសាមគ្គី រក្សារបៀបរៀបរយ និងថែរក្សាសុខភាពឲ្យបានរឹងមាំ។
អភិបាលរងខេត្តក៏បានថ្លែងអំណរគុណដល់ព្រះចៅអធិការវត្ត ក្រុមកីឡាករ និងគណៈកម្មការទូក ដែលបានខំប្រឹងប្រជែងទាំងកម្លាំងកាយនិងចិត្ត ធ្វើឲ្យខេត្តកំពង់ធំ និងវត្តឌួងសូរិយា ទទួលបានជ័យជំនះជាច្រើនកន្លងមក។
សូមបញ្ជាក់ថា ទូកឈ្មោះ “ស្ទឹងសែនធិបតីបារមីក្តីដូង” ត្រូវបានកាត់ចេញពីឈើសុទ្ធនៅព្រៃឡង់ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយដឹកមកដល់វត្តថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំនោះ។ ទូកនេះមានប្រវែង ៣៧.៨ ម៉ែត្រ អាចអង្គុយបាន ៨៣ នាក់ និងត្រៀម ១៧ នាក់ ដើម្បីចូលរួមប្រកួតនៅខេត្តកណ្ដាលខាងមុខ។




































