ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមបង្កើតបរិយាកាសរីករាយ ដោយរៀបចំកម្មវិធីប្រដាល់«អារាមគុនខ្មែរ»ដល់ជនភៀសសឹកនៅជំរំវត្តពោធិ៍៥០០០ដើម និង«រត់សហគមន៍»លើកំណាត់ផ្លូវកោះកេរ ដើម្បីអបអរសាទរ ខួប២ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

0

ខេត្តព្រះវិហារ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរយៈពេល ២ថ្ងៃនេះ «១៦-១៧កញ្ញា២០២៥» បានចូលរួម​បង្កើតបរិយាកាសសប្បាយរីករាយ ដោយបានរៀបចំ​​កម្មវិធី​ប្រដាល់ ​«អារាមគុនខ្មែរ» ​ដល់​ជនភៀសសឹកនៅជំរំវត្តពោធិ៍៥០០០ដើម និងចូលរួម «រត់សហគមន៍» ចម្ងាយ៩គីឡូម៉ែត្រ នៅលើកំណាត់ផ្លូវកោះកេរ ដើម្បីអបអរសាទរ ខួប២ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក«១៧កញ្ញា២០២៣-១៧កញ្ញា២០២៥» ស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

កម្មវិធី​ប្រដាល់ ​«អារាមគុនខ្មែរ» និង «រត់សហគមន៍» ចម្ងាយ៩គីឡូម៉ែត្រ ក្នុងពេលនោះ ក៏មានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមបាល់ទាត់មនុស្សធម៌ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាង ១ពាន់នាក់ ដែលព្រឹត្តិការណ៍ និងសកម្មភាពទាំងអស់នោះ បានបង្ហាញឲ្យឃើញពីការគាំទ្រ និងការចូលរួមក្នុងការថែរក្សាសម្បត្តិវប្បធម៌ និងបេតិកភណ្ឌជាតិយ៉ាងពិតប្រាកដ។

ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពេល​ទស្សនាប្រដាល់ ​«អារាមគុនខ្មែរ» នៅជំរំ​ជនភៀសសឹកវត្តពោធិ៍ ៥០០០ដើម បានថ្លែង ចាត់ទុកកម្មវិធីនេះ គឺជាការបង្កើតបរិយាកាសសប្បាយរីករាយដល់​ជនភៀសសឹកនៅវត្តពោធិ៍ ៥០០០ដើម ដែល​បាន​ចាក​ឆ្ងាយពី​លំនៅដ្ឋាន ជាច្រើនខែកន្លងមកហើយ។

ឯកឧត្តមបានបន្តថា ក្នុង​ឱកាសពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌនេះ ប្រជាពលរដ្ឋ​នៅតាម​តំបន់​ផ្សេងៗ បានជួបជុំគ្រួសារនៅ​គេហដ្ឋាន​​យ៉ាង​រីករាយ។ ដោយ​ឡែក ​ពលរដ្ឋ​ដែលរស់នៅ​ជំរំ​វត្តពោធិ៍ ៥០០០ដើមមួយចំនួន មិន​ទាន់អាច​វិលត្រឡប់ទៅ​គេហដ្ឋាន​វិញឡើយ។ ហើយដើម្បី​បង្កើតបរិយាកាសដល់​ពលរដ្ឋ​ដែល​ចាកចេញ​ពី​ផ្ទះ តាំងពីដើមខែមិថុនា២០២៥នោះមក ឯកឧត្តម ក៏បាន​រៀបចំ​កម្មវិធី​ប្រដាល់«អារាមគុនខ្មែរ» រយៈពេល​២ថ្ងៃ ពី​ថ្ងៃទី១៦-១៧ កញ្ញា និងការ«រត់សហគមន៍»ចម្ងាយ ៩គីឡូម៉ែត្រ នៅលើកំណាត់ផ្លូវជុំវិញប្រាសាទកោះកេរ ដែលអាចផ្តល់​​ការ​សប្បាយរីករាយ និងចងចាំថា​ ជួរមុខ មិន​ភ្លេចជួរក្រោយនោះឡើយ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ដោយមើលឃើញពី​ទុក្ខ​លំបាក​របស់​ជន​ភៀសសឹក ដែល​ចាកឆ្ងាយ​ពីផ្ទះសម្បែង​រយៈពេលយូរ ហើយទុក្ខលំបាក​ទាំងនេះមិនត្រូវ​បាន​មើលរំលងឡើយ ដោយ​រដ្ឋាភិបាល​ តែងជួយទំនុក​បម្រុង ជាពិសេស​តាមរយៈ​រដ្ឋបាល​ខេត្ត​ព្រះវិហារ ដែលបាន​ជួយ​បង្កើត​បរិយាកាស​ និង​កម្មវិធី​ផ្សេងៗដល់ជន​ភៀសសឹកនៅទីនេះ។

ឯកឧត្តម មានក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈ​កម្មវិធី​​ប្រដាល់ «អារាមគុនខ្មែរ» ក៏ដូច «រត់សហគមន៍»នេះ នឹង​ជួយ​សម្រាល​អារម្មណ៍តានតឹង​របស់ប្រជាពលរដ្ឋ​ និង​នាំ​មក​នូវ​តែស្នាម​ញញឹម​ជានិច្ច៕ដោយ៖ឡុង សំបូរ