ចាស់ជរាគ្មានទីពឹង អតីត​យុទ្ឋជន​ និងគ្រួសារកងទ័ពបានទទួលអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ

0

កំពង់ធំ៖        អំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកទៅឧបត្ថម្ភជូនក្រុមគ្រួសារកងទ័ពដែលរស់នៅក្នុងទីតាំងបន្ទាយ ព្រមទាំង​ចាស់ជរាគ្មានទីពឹងនិង អតីតយុទ្ធជន​ ដែលរស់នៅជិតទីតាំងឈរជើងរបស់កងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១០ នៃរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចំនួន ៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន០១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន០២យួរ និងត្រីខកំប៉ុងចំនួន០១យួរ នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ។

និងបានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារកងទ័ព អតីត​យុទ្ធ​ជន​ ក៏ដូចជាប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ហើយនៅក្នុងឱកាសនេះសម្ដេច និងលោកជំទាវ បានសូមជូនពរដល់ក្រុមគ្រួសារកងទ័ព អតីត​យុទ្ឋជន​ និងប្រជាពលរដ្ឋទាំងអស់ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ សូមទទួលបាននូវសុខភាពល្អ សំណាងល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ កុំបីឃ្លៀងឃ្លាតឡើយ ។

លោកឧត្តមសេនីយ៍ទោ ក៏បានជម្រាបជូនក្រុមគ្រួសារកងទ័ព អតីតយុទ្ធជន​ និងប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងឱកាសនេះ អំពីសភាពការណ៍នៃសង្គ្រាមឃ្លានពានដ៏ឃោរឃៅព្រៃផ្សៃរបស់ទាហានសៀមមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានវាយប្រហារដោយយន្តហោះ កាំភ្លើងធំ គ្រាប់បែកចង្កោម រួមទាំងបានប្រើប្រាស់ផ្សែងពុល ដែលជាអាវុធខុសច្បាប់ ដែលអន្តរជាតិបានហាមឃាត់ មកលើកងទ័ព និងប្រជាជនកម្ពុជា ព្រមទាំងបានប្រើប្រាស់យន្តហោះ និងកាំភ្លើងធំ បាញ់ចូលប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ ។ តែវីរភាពដ៏អង់អាចក្លាហានរបស់កងយោធពលខេមរភូមិន្ទនៃយើង បានលះបង់សាច់ស្រស់ ឈាមស្រស់ ឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់កងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន​ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយ ក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី ដោយត្រូវជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់ ព្រះរាជាណាចក្រកម្ពុជានៃយើង ។ ដោយ ប៊ុន រដ្ឋ