សៀមរាប : មន្រ្តីបរិស្ថានប្រើធម៌ក្តៅ និងចាត់វិធានការក្តៅជាមួយ ក្រុមបំផ្លិចបំផ្លាញធនធានធម្មជាតិ រុករានទន្រ្ទានដីព្រៃភ្នំ ដែនជម្រកសត្វព្រៃភ្នំពក និងភ្នំត្នោតយកធ្វើជាកម្មសិទ្ធ ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាព ដោយសហការជាមួយអង្គភាព ស្ថាប័នពាក់ព័ន្ឋ ដើម្បីចូលរួមការពារទប់ស្កាត់ មិនឲ្យមានការកាប់បំផ្លាញព្រៃឈើទៀតឡើយ ។
ជាក់ស្តែង លោក ទី ប៊ុនចម នាយរងការិយាល័យដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គភាព និងស្ថាប័នមួយចំនួន រួមទាំងអង្គភាព សារព័ត៌មានខេមរាដេលី ដើម្បីចុះពិនិត្យព្រៃភ្នំមួយកន្លែង នៅចំណុចជាំឫស្សី ក្នុងភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប នូវទិដ្ឋភាពការកាប់បំផ្លាញ និងការទន្ទ្រានដីព្រៃភ្នំដែលរងផលប៉ះពាល់ ដែលត្រូវបានឈូសឆាយប្រហែលជាង៣ហិចតា រួមទាំងបើកការស៊ើបអង្កេត ស្រាវជ្រាវករណីកំណត់មុខសញ្ញាជន បំផ្លិចបំផ្លាញព្រៃឈើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងឡើយ ។
យោងតាមប្រភពពីប្រជាពលរដ្ឋ បានសម្តែងនូវការព្រួយបារម្មណ៍ និងត្អូញត្អែរអំពីការសោកស្តាយដីព្រៃភ្នំ ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋ ជាពិសេសដីព្រៃនៅឃុំខ្វាវ ស្រុកជីក្រៃង ខេត្តសៀមរាប កំពុងតែរលាយ ដោយសារឧក្រិដ្ឋជនមួួយចំនួន បានលបលួចកាប់ រុករានយកទៅជាកម្មសិទ្ធិឯកជនស្ទើរតែទាំងស្រុង ហេតុការការបំផ្លាញ ធនធានធម្មជាតិនេះកើតឡើង ពួកគាត់បញ្ជាក់ថា បណ្តោយមកពី សមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ឋមួយចំនួនកន្លងមក បានខិតខំប្រឹងប្រែងក្នុងការការពារធនធានធម្មជាតិ ប៉ុន្តែក្រុមជនល្មើសឆ្លៀតពេល ធ្វើសកម្មភាពនៅពេលយប់ និងពេលដែលកម្លាំងសមត្ថកិច្ចជាប់ ចុះប៉េសកកម្មកន្លែងផ្សេងៗ។
មហាជនបានរិះគន់ យ៉ាងចាស់ដៃ ទៅលើលោក ញ៉ង់ កែវ មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំត្នោត និងភ្នំពក ដែលមិនបានអនុវត្តតាមតួនាទី គេចវេសមិនទទួលខុសត្រូវ ក្នុងការការពារ ធនធានធម្មជាតិ បណ្តែតបណ្តោយឲ្យមានការ កាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធ បើទោះបីជាមានការ ខលរាយការណ៍ សកម្មភាពរបស់ របស់ក្រុមជនល្មើសក្តី លោកលោក ញ៉ង់ កែវ តែងតែមិនលើកទូរស័ព្ទ រួមទាំងចុចផ្តាច់យ៉ាងគ្មានសីលធម៌នោះឡើយ ក្នុងនោះប្រជាពលរដ្ឋបានស្នើសុំឲ្យលោក ស៊ុន គង់ ប្រធានមន្ទីបរិស្ថានខេត្តសៀមរាប មេត្តាយកចិត្តទុកដាក់ ចូលរួមការពារធនធានធម្មជាតិ ការពារដីព្រៃភ្នំ ត្រពាំង បឹងបួរ ដែលជាសម្បត្តិរបស់រដ្ឋ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញ បានស្គាល់ផង ។
ដោយ អ៊ុក ផ្លុង




































