ក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះសង្កេតការណ៍ អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ នៃខេត្តឧត្តរមានជ័យ !

0

ដោយ៖ឡុង សំបូរ
ខេត្តឧត្តរមានជ័យ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) បានចុះសង្កេតការណ៍ អំពីស្ថានភាពព្រំដែន នៅវត្តប្រាសាទតាមាន់សែនជ័យ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ស្របពេលដែលយោធាថៃ បានធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ។

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនឹងសមាជិក បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់បានចូលជាធរមាន។ នេះបើតាមការបញ្ជាក់របស់ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។

ការចុះមកសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នាថ្ងៃសៅរ៍ទី២៧កញ្ញានេះ ស្របពេលដែលទាហានថៃ បានចាប់ផ្តើមធ្វើការបាញ់ប្រហារមុន មកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើន គ្រាប់ មកតំបន់មូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ នាម៉ោងប្រមាណ ១១ និង៥២នាទី ព្រឹកថ្ងៃទី២៧ ខែកញ្ញា  ឆ្នាំ២០២៥៕