ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះជើងហោះហើរដំបូងពីទីក្រុងស៊ិនជិន (ShenZhen) នៃប្រទេសចិន តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Airline ដែលបានដឹកអ្នកដំណើរ ១៤៨នាក់ បានចុះចតដោយជោគជ័យនៅអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

លោក វ៉ាន់ ណូរ៉ាក់ នាយកប្រតិបត្តិអាកាសយាន្តអន្តរជាតិខេត្តព្រះសីហនុ បានបញ្ជាក់ផងដែរថានេះ ជាមោទនភាពណាស់ចំពោះការកើនឡើងជើងហោះហើរ និងអ្នកដំណើរជាបន្តបន្ទាប់ដោយទំនុកចិត្ត មកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា។នាឱកាសនោះ មានការអញ្ជើញទទួលស្វាគមន៍ដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានលើកឡើងថា លោករីករាយក្នុងការទទួលស្វាគមន៍ជើងហោះហើរលើកទី១ ដឹកអ្នកភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគភ្ជាប់ពីទីក្រុងស៊ិនជិន ប្រទេសចិន មកកាន់អាកាសយាន្តដ្ឋានខេត្តព្រះសីហនុ បន្ទាប់ពីផ្អាក ដំណើរការ អំឡុងពេលជំងឺខូវីត១៩រីករាលដាលឆ្នាំ២០១៩។ជាមួយគ្នាលោកបានគូសបញ្ជាក់ថាទាំងនេះគឺ ផ្អែកលើបរិយាកាសនិងសក្តានុពលរបស់ខេត្តព្រះសីហនុ បាន ទាក់ទាញ់អ្នកវិនិយោគ និងទេសចរណ៍កាន់តែច្រើនទៅៗមកទស្សនាផ្ទាល់ដោយភាពជឿរជាក់ និងការ ផ្តល់ទំនុកចិត្តលើរដ្ឋបាលខេត្តព្រះសីហនុ។សូម ជូនពរភ្ញៀវទាំងអស់ជួបតែសេចក្តីសុខ និងរឿងល្អៗ ក្នុងដំណើរ កម្សាន្តមកកាន់ទឹកដីខេត្តព្រះសីហនុ។

សូមជម្រាបដែរថា នៅចុងខែកញ្ញានេះ នឹងមានជើងហោះត្រង់ពីទីក្រុងម៉ាកាវមកកាន់អាកាស យាន្តដ្ឋាន អន្តរជាតិខេត្តព្រះសីហនុផងដែរដោយរំពឹងថានឹងពង្រីកជើងហោះហើរគ្រប់ទិសទីជុំវិញពិភពលោកមកកាន់ទឹកដីខេត្តព្រះសីហនុ៕នាគសមុទ្រ




































