ឯកឧត្តម គន់ គីម អញ្ជើញពិនិត្យការសាងសង់ផ្ទះ ជូនអតីតយុទ្ធជន ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យការសាងសង់ផ្ទះ ជូនអតីតយុទ្ធជន ចំនួន ៤២ខ្នង ស្ថិតនៅមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។

ក្នុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម បានណែនាំឱ្យបន្តការពិនិត្យលើតម្រូវការជាក់ស្តែង និងដោះស្រាយជូនអតីតយុទ្ធជន និងនិវត្តជនគ្រប់រូបដែលជួបការលំបាក ដើម្បីផ្តល់ដី និងផ្ទះសម្រាប់កសាងជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងថា អស់រយៈពេលជាង១៨ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា ក្នុងន័យនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជានិច្ចកាលបានបន្តអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជន ដោយការចុះជួបផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជន និងនិវត្តជនតាមមូលដ្ឋាន ដើម្បីឈ្វែងយល់ពីសុខទុក្ខ និងការលំបាក ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើងស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ចជាតិ៕ដោយ៖ឃិន គន្ធា