ខេត្តស្ទឹងត្រែង៖ វត្ថុបុរាណពីរប្រភេទ ដែលគេប៉ាន់ប្រមាណថាមានតម្លៃខ្ពស់ ត្រូវបានប្រជាពលរដ្ឋមួយគ្រួសារ ប្រទះឃើញនៅលើដីចំការផ្ទាល់ខ្លួន ហើយបាននាំយកមករក្សាទុកមិនតិចជាង ៧ឆ្នាំនោះទេ ប៉ុន្តែ នៅថ្ងៃទី២០តុលា២០២៥ បាននាំយកមកប្រគល់ជូន លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្រោមទំនុកចិត្តខ្ពស់បំផុត ដើម្បីនាំយកទៅថែរក្សាទុកជាកេរ្តិ៍មរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។
ពលរដ្ឋល្អដែលបាននាំយកវត្ថុបុរាណដ៏មានតម្លៃទាំងពីរ គឺ (តុម្ព និងកង) ទៅប្រគល់ជូនអាជ្ញាធរខេត្តស្ទឹងត្រែង នាពេលនោះ ត្រូវគេស្គាល់ឈ្មោះ ជាប ចាប ភេទប្រុស រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ វត្ថុបុរាណទាំងពីរប្រភេទនេះ បើតាមការប៉ាន់ប្រមាណ អាចមានអាយុកាលជាច្រើនសតវត្សន៍កន្លងមកហើយ ដែលបានកប់ក្រោមដី និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅអំឡុងឆ្នាំ២០១៩ នៅលើដីចំការ ស្ថិតក្នុងភូមិអូរពងមាន់២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងទើបយកមកប្រគល់ជូន អាជ្ញាធរខេត្តស្ទឹងត្រែង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។
ការសម្រេចចិត្តរបស់ លោក ជាប ចាប ដែលបានប្រគល់វត្ថុបុរាណទាំងពីរ (តុម្ព និងកង) ជូនអាជ្ញាធរខេត្តនៅគ្រានោះ ត្រូវគេកត់សម្គាល់ឃើញថា បានបង្ហាញឲ្យឃើញពីការលះបង់ និងការចូលរួមខ្ពស់បំផុត ក្នុងការស្រឡាញ់ ថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ ដ៏មានតម្លៃរបស់ជាតិ សម្រាប់ប្រជាជាតិខ្មែរទាំងមូល។
នៅក្នុងឱកាសនោះ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ក្នុងនាមរដ្ឋបាលខេត្ត លោកបានសម្តែងការអរគុណ ចំពោះលោក ជាប ចាប ដែលបាននាំយកវត្ថុបុរាណទាំងពីរនេះ មកប្រគល់ជូនអាជ្ញាធរខេត្ត និងលោកអភិបាលខេត្ត ក៏បានប្រគល់បន្តជូន លោកស្រី ញ៉ោច សាវឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង សម្រាប់មន្ត្រីជំនាញសិក្សាស្រាវជ្រាវ និងរក្សាទុកជាមរតកវប្បធម៌ ដ៏ល្អផូរផង់របស់ជាតិ៕ដោយ៖ឡុង សំបូរ






































