ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ណែនាំដល់អាជ្ញាធរឃុំ និងពលរដ្ឋត្រូវជួយថែរក្សាផ្លូវដែលក្រុមការងារធ្វើជូន

0

កំពង់ធំ÷ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ណែនាំដល់អាជ្ញាធរឃុំ និងពលរដ្ឋត្រូវជួយថែរក្សាផ្លូវដែលក្រុមការងារធ្វើជូន លោកផាង វី ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានណែនាំដូច្នេះក្នុងឱកាសដែលលោក ព្រមទាំងសហការី និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យមើលដំណើរការជួសជុលផ្លូវគ្រួសក្រហម១ខ្សែនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីពេលថ្មីៗកន្លងទៅនេះ។

លោកបានណែនាំបន្ថែមថាអាជ្ញាធរភូមិ/ឃុំ និងពលរដ្ឋអ្នកនៅអមសងខាងផ្លូវនេះត្រូវសហការរួបរួមគ្នាជួសជុលជាប្រចាំ ហើយកាយរំដោះទឹក និងកាយប្រព័ន្ធបង្ហូរទឹកអមសងខាងផ្លូវ ដើម្បីចៀសវាងនូវការដក់ទឹក កកស្ទះទឹក សម្រាម ដែលជាហេតុនាំឱ្យបង្ករការខូចខាតដល់ផ្លូវឬបាត់បង់សោភ័ណភាពអនាម័យ បរិស្ថាននៅសងខាងផ្លូវ ហើយបើយើងមានប្រព័ន្ធរំដោះទឹកអមសងខាងផ្លូវបានត្រឹមត្រូវ នឹងជួយឱ្យផ្លូវនេះកាន់តែមានគុណភាពប្រើប្រាស់បានយូរថែមទៀតផង។

ជាមួយនេះដែរប្រជាពលរដ្ឋរស់នៅក្នុងភូមិហប់ និងភូមិវាល ព្រមទាំងអ្នករស់នៅអមសងខាងផ្លូវនេះ បានសំដែងការសាទរ ត្រេកអរក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្រុមការងារ ជាពិសេសឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងសហការី ដែលតែងតែជួយឧបត្ថម្ភគាំទ្រកសាងនូវ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ជាពិសេសជួយជួសជុលផ្លូវ ដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមកនៅក្នុងភូមិ ជួយសម្រួលការធ្វើដំណើររបស់បងប្អូន ក៏ដូចជាសិស្សានុសិស្សទៅសាលារៀនប្រកបដោយសុវត្ថិភាព និងឆាប់រហ័សជាងមុន។

សូមបញ្ជាក់ថា ការជួសជុលផ្លូវគ្រួសក្រហមនេះមានប្រវែង១,២០០ម៉ែត្រ និងមានទទឹង ៦ម៉ែត្រ ស្ថិតនៅក្នុងភូមិហប់ និងភូមិវាល នៃឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។