កម្ពុជាចាប់ផ្តើមដកអាវុធធុនធ្ងន់ពីព្រំដែន ក្រោមសង្កេតការណ៍អាស៊ានជាសាក្សី នៅលើដែនដីរដ្ឋបាលខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ នៅត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ឬ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កម្ពុជាបានចាប់ផ្តើមដំណាក់កាលដំបូង នៃការដកអាវុធធុនធ្ងន់ និងឧបករណ៍យោធាចេញពីព្រំដែន។

ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោង ៩យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានបញ្ជូនអាវុធចេញពីតំបន់ជម្លោះនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទៅកាន់មូលដ្ឋានផ្សេង ក្រោមការផ្ទៀងផ្ទាត់ដោយផ្ទាល់ ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។

ការដកអាវុធនេះ ធ្វើឡើងក្រោយពីកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានចុះហត្ថលេខា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល ដោយមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី ។

ក្រោមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរបានយល់ព្រមដកអាវុធធុនធ្ងន់ ដោះមីនមនុស្សធម៌ និងដោះស្រាយបញ្ហាបន្ទាត់ព្រំដែនអទិភាព ដើម្បីឈានទៅបញ្ចប់ជម្លោះទាំងស្រុង មុនដោះលែងទាហានកម្ពុជាទាំង ១៨នាក់ ។

ក្រសួងការពារជាតិកម្ពុជា បានពិព័ណ៌នាអំពីការដកអាវុធធុនធ្ងន់នេះ គឺជាជំហានដំបូង ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសន្តិភាព ក្រោយការផ្ទុះអាវុធប្រយុទ្ធបង្ហូរឈាម រយៈពេល ៥ថ្ងៃ កាលពីថ្ងៃ (២៤-២៨កក្កដា២០២៥) កន្លងទៅនេះ។

ប្រទេសថៃត្រូវបានគេរំពឹងថា នឹងដកអាវុធក្រោមការផ្ទៀងផ្ទាត់របស់ អ្នកសង្កេតការណ៍អាស៊ាន ​(AOT) ដូចគ្នា ក៏ប៉ុន្តែ គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ មិនទាន់មានការផ្សព្វផ្សាយជាសាធារណៈ ដោយសារព័ណ៌មានថៃ អំពីការដកអាវុធខាងភាគីថៃ នៅឡើយទេ។

យោងតាមការប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងនៅម៉ោង ១១ព្រឹក ថ្ងៃទី២៧តុលា ឆ្នាំ២០២៥ នេះថា ក្រុមការងារសម្របសម្រួល ក្រុមអ្នកសង្កេតការណ៍របស់ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់ ក្រោយភាគីកម្ពុជា និងថៃបានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួន ដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្ត ក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ។

ក្រសួងការពារជាតិកម្ពុជា បានចាត់ទុកសកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមាន ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សីផងដែរ។

ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមានមួយនេះ នឹងចូលរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខនេះ៕ដោយ៖ឡុង សំបូរ